ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌមានជ័យចាប់បង្ខំឲ្យលោកចៅសង្កាត់ និងនាយប៉ុសិ៍្តរដ្ឋបាល លុបបំបាត់ល្បែងស៊ីសង ល្បែងភ្នាល់នានាក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំប្រចាំខែសីហា របស់រដ្ឋបាលខណ្ឌមានជ័យ និងទិសដៅខែកញ្ញា ឆ្នាំ២០១៨ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានចាប់បង្ខំជម្រុញឲ្យលោកចៅសង្កាត់ និងនាយនគរបាលប៉ុសិ៍្តរដ្ឋបាលទាំងអស់ ចុះហត្ថលេខាទទួលខុសត្រូវក្នុងការលប់បំបាត់ទីតាំងសង្ស័យបង្កើតល្បែងស៊ីសង និងល្បែងភ្នាល់នានានៅក្នុងភូមិសាស្ត្ររបស់ខ្លួន ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានធ្វើការណែនាំដល់អាជ្ញាធរសង្កាត់ និងលោកនាយប៉ុសិ៍្តរដ្ឋបាលទាំងអស់ធ្វើយ៉ាងណាទទួលខុសត្រូវឲ្យបានក្នុងការលុបបំបាត់ល្បែងស៊ីសង ល្បែងភ្នាល់នានាដែលកើតមាននៅក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយត្រូវចុះត្រួតពិនិត្យរាល់ទីតាំងទទួលបញ្ចាំ ទីតាំងទិញ លក់អេតចាយ មិនត្រូវអនុញ្ញាតឲ្យទទួលទិញអេត ចាយនៅពេលយប់ ព្រោះថា ជនខិលខូចអាចដើរលួចរបស់របរប្រជាពលរដ្ឋនៅពេលយប់ មកលក់ឲ្យអេតចាយ។

លោកថា ល្បែងស៊ីសងទីតាំងកត់កន្ទុយលេខ ល្បែងភ្នាល់គ្រប់ប្រភេទត្រូវរួមគ្នាទប់ស្គាត់ និងរាយការណ៍ទីតាំងផ្ទះសំណាក់ដែលមានក្មេងទំនើងចូលស្នាក់នៅលួចប្រើប្រាស់ថ្នាំញៀន និងត្រូវចុះធ្វើរដ្ឋបាលជាប់ជាប្រចាំក្នុងភូមិសាស្ត្រ បញ្ហាខាងលើអស់លោកចៅសង្កាត់ និងនាយប៉ុសិ៍្តជាអ្នកទទួលខុសត្រូវ ព្រោះអស់លោកបានចុះហត្ថលេខារួចហើយ ។

ទោះបីជាយ៉ាងនេះក្តី ទីតាំងអ៊ិនធើណេត២៤ម៉ោងលួចបង្កប់ល្បែងភ្នាល់នៅតែបន្តមានជាហូហែរដោយមិនបានឃើញថមថយឡើយ។ នៅលើផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី១ មានទីតាំងណេត២៤ម៉ោង បើកដំណើរការទាល់ភ្លឺ និងមានក្រុមក្មេងទំនើងចេញ ចូលលេងភ្នាល់ ល្បែងភ្នាល់ឡាយចេញពីកាស៊ីណូ ល្បែងហ្គេមបាញ់ត្រី៕ តាឡឹម


ចែករំលែក៖