ព័ត៌មានទាន់ហេតុការណ៍៖

ជាថ្មីម្តងទៀតហើយ ដែលអភិបាលខណ្ឌមានជ័យបញ្ជាឲ្យនាយករដ្ឋបាលខណ្ឌចេញលិខិតផ្អាកអាជីវកម្ម ហាងសាច់អាំង១៦៨ ស្ពានដែក

ចែករំលែក៖

ភ្នំពេញ៖ ពាក់ព័ន្ធនិងការបញ្ជាឲ្យចេញលិខិតផ្អាកអាជីវកម្មហាងសាច់អាំង១៦៨ស្ពានដែកនេះ មន្ត្រីសាលាខណ្ឌមានជ័យហាក់បីដូចជានៅមានភាពអាថ៍កំបាំង មិនមានចម្លើយសមស្របណាមួយជាក់លាក់ ក្នុងការឲ្យផ្អាក់អាជីវកម្មហាងសាច់អាំង១៦៨នេះឡើយ ។

លោក អែម សុវីរះ ប្រធានការិយាល័យរដ្ឋបាលខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី១១កញ្ញានេះបានទូរស័ព្ទប្រាប់ថា ខាងរដ្ឋបាលសាលាខណ្ឌកំពុងតែរៀបចំចេញលិខិតជូនដំណឹងដល់ម្ចាស់ហាងហើយនៅថ្ងៃនេះ ។

លោកថា ចំពោះការចេញលិខិតឲ្យផ្អាកអាជីវកម្មនេះ គឺធ្វើឡើងក្រោមបញ្ជាផ្ទាល់មាត់របស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក្នុងកិច្ចប្រជុំប្រចាំខែសីហាកាលពីព្រឹកថ្ងៃទី១០កញ្ញា ។

ដោយឡែកពាក់ព័ន្ធនិងការចេញលិខិតផ្អាកអាជីវកម្មហាងសាច់អាំង១៦៨ស្ពានដែកខាងលើ លោកក៏មិនបានបញ្ជាក់ឲ្យដឹងអំពីមូលហេតុជាក់លាក់ណាមួយឡើយ ដោយលោកបានបង្វែសំណួរនេះឲ្យទៅសួរលោក ប្រាង សុផល ជានាយកដ្ឋបាលខណ្ឌ ។

ជាមួយគ្នានេះ លោក ប្រាង សុផល ក៏បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា បញ្ហានេះលោកពុំបានដឹងអំពីមូលហេតុអ្វីជាក់លាក់នោះទេ ។ លោកថា លោកទើបតែមកចូលកាន់តំណែងថ្មីជានាយករដ្ឋបាលនៅសាលាខណ្ឌនេះ ហេតុដូច្នេះលោកមិនអាចឆ្លើយបានទេ ។

ដោយឡែកលោកចៅសង្កាត់ស្ទឹងមានជ័យទី២ ក៏បានអះអាងតាមទូរស័ព្ទថា បញ្ហានេះលោកក៏មិនដឹងច្បាស់ផងដែរ ។ លោកថា កាលពីម្ចាស់ទីតាំងហាងសាច់អាំង១៦៨នេះ ចាប់ផ្តើមជុសជុលគឺខាងអាជ្ញាធរសង្កាត់ក៏បានចុះឲ្យផ្អាកដោយតម្រូវឲ្យទៅសុំច្បាប់អនុញ្ញាតសិន ហើយលោកក៏បានរាយការណ៍ទៅអភិបាលរងខណ្ឌជាហូរហែផងដែ ហើយក៏មានការចូលរួមពីខាងទេសចរណ៍ខណ្ឌដែរ ។ ដល់ក្រោយមកក៏ឃើញហាងនេះបើកដំណើរការលក់ដូរជាធម្មតាដល់សព្វថ្ងៃនេះ ។

លោកចៅសង្កាត់បន្តថា ម្ចាស់ហាងក៏បានទៅព្យាយាមសុំជួបអភិបាលខណ្ឌដែរ តែគាត់មិនបានជួប ហើយកាលណោះម្ចាស់ហាងនេះក៏បានមកសុំសង្កាត់តាមរយៈមេប៉ុសិ្ត មិនដឹងថាហាងនេះមានច្បាប់ហើយឬនៅ ។

តាមការបំភ្លឺពីលោកម្ចាស់ហាងក៏បានឲ្យដឹងថា លោកបានទិញប្រេនពីហាងសាច់អាំង១៦៨ ហើយគេធានារត់ច្បាប់ឲ្យលោកគ្រប់យ៉ាង ។ លោកថា លោកបានឲ្យគេម្នាក់នៅខណ្ឌនឹងរត់ការឲ្យ តែមិនដឹងជាយ៉ាងម៉េចបានជាកើតបញ្ហាបែបនេះ ។ លោកថា ដើមឡើយទីតាំងនេះជាស្ថានីយលក់ប្រេង ហើយលោកបានជួលទីតាំងនេះក្នុងតម្លៃជាង១ពាន់ដុល្លា លោកបានជុសជុលកែលម្អហាងនេះអស់ជិត២០ម៉ឺនដុល្លា ចុះកុងត្រាជួលរយៈពេល៨ឆ្នាំ ។

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យក៏បានបញ្ជាក់ប្រាប់ថា ហាងសាច់អាំង១៦៨ត្រង់ចំណុចស្ពានដែកនេះ គ្មានច្បាប់អនុញ្ញាតអាជីវកម្ម និងបង្កហានីភ័យគ្រោះថ្នាក់ចរាចរណ៍ បង្កផលប៉ះពាល់បាត់សណ្តាប់ធ្នាប់សាធារណៈ៕ តាឡឹម


ចែករំលែក៖