ខេត្តស្វាយរៀង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងចម្រុះស្រុកស្វាយទាបសហការគ្នា ចុះបង្ក្រាប និងដកហូតយកមករក្សាទុក ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការឆក់ត្រី និងនេសាទត្រីដោយខុសច្បាប់ ដល់ប្រជាពលរដ្ឋដែលមានលួចលាក់នូវឧបករណ៍ឆក់ត្រីសរុបចំនួន៤១នាក់ស្មើ៤១គ្រឿង។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការចុះបង្ក្រាប និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង៣រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឈើទាល ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភព បានបន្តទៀតថា មុនធ្វើការបង្ក្រាប និងដកហូតឧបករណ៍ឆក់ខាងលើនេះ គឺមានពលរដ្ឋរាយថា មានអ្នកភូមិប្រើប្រាស់ឧបករណ៍ឆក់ ដើរលួចឆក់ត្រីតាមបឹងប្រឡាយ ទើបកម្លាំងអាវុធហត្ថស្រុក សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយទាប ដឹកនាំដោយលោក កើត សុខា ក្រុមប្រឹក្សាឃុំគគីរសោម ចុះបង្ក្រាបដកហូត និងពលរដ្ឋបានប្រគល់នូវឧបករណ៍ឆក់រួមមាន ៖ ដុំឆក់ត្រី៤១គ្រឿង ប្រម៉ោយឆក់៣២គូ និងធ្វើកិច្ចសន្យាបញ្ឈប់ការ ឆក់ និងនេសាទត្រីដោយខុសច្បាប់ទៀត លើពលរដ្ឋទាំង៤១នាក់នោះហើយនៅពេលនោះដែរសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាបញ្ឈប់ការឆក់ត្រី និងនេសាទត្រីដោយខុសច្បាប់ព្រមទាំងអោយត្រលប់ទៅផ្ទះវិញផងដែរ ៕ យឹម សុថាន