ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកសំរោងខេត្តតាកែវរៀបចំឆាករឿងដេញថ្លៃគម្រោងសង់របងសាលាស្រុក

ចែករំលែក៖

ខេត្តតាកែវ ៖ សាលាស្រុកសំរោងបានចេញសេចក្ដីជូនដំណឹងដេញថ្លៃគម្រោងធ្វើរបងមួយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨ ដោយលោក កេត ម៉ៅ អភិបាលស្រុកសំរោងជាប្រធានគណៈកម្មាធិការ លទ្ធកម្ម ។

លិខិតជូនដំណឹងនេះបានបញ្ជាក់ថា គ្រប់ក្រុមហ៊ុនសហគ្រាសតូចធំនិងបុគ្គលឯកជនអាចស្នើសុំទិញពាក្យដើម្បីចូលរួមដេញថ្លៃបានលើគម្រោងនេះ ។

គម្រោងដេញថ្លៃរបងសាលាស្រុកនេះមានប្រវែង១៧៥ម៉ែត្រកម្ពស់២មែ៉ត្រដោយ ឈប់ទទួលពាក្យនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨ ។

ហេតុផលមិនប្រក្រតីលើគម្រោងនេះគឺដោយសារមានក្រុមហ៊ុនជាច្រើនដែលបាន ទៅរកទិញពាក្យដេញថ្លៃនៅសាលាស្រុកគឺមិនមានអ្នកណាលក់ឲ្យនោះទេហើយលេខទូរស័ព្ទដែលដាក់លើសេចក្ដីជូន ដំណឹងនោះត្រូវបានបិទរហូត ។

ការលើកឡើងរបស់តំណាងក្រុមហ៊ុនបានឲ្យដឹងទៀតថា លោកកេត ម៉ៅ អភិបាលស្រុកសំរោងបានរៀបចំឆាកល្ខោនមួយនេះជាមួយលោក ទូច សុគន្ធា ប្រធានអង្គ ភាពលទ្ធកម្មស្រុកសំរោងមិនចំហក្នុងការ លក់ពាក្យដេញថ្លៃនេះទេដោយរុញដាក់គ្នាទៅវិញទៅមកដើម្បីលាក់ទុកក្រុមហ៊ុននៅពីក្រោយងាយស្រួលប្រព្រឹត្តអំពើពុក រលួយ ។

ជុំវិញករណីនេះក្រុមអតិថិជនបានស្នើលោកអ៊ួច ភា អភិបាលខេត្តតាកែវមេត្តាចុះពិនិត្យស្រាជ្រាវលើករណីនេះដើម្បីឲ្យមានការដេញថ្លៃមានតម្លាភាពនិងគុណភាព។

ពាក់ព័ន្ធករណីនេះលោកសុិន សុផល អភិបាលរងស្រុកសំរោងអះអាងថា រឿង លក់ពាក្យដេញថ្លៃនេះគឺស្ថិតនៅក្នុងដៃលោកទូច សុគន្ធា ប្រធានអង្គភាពលទ្ធកម្មស្រុកតែមិនឃើញគាត់មកធ្វើការទេ ហើយ លេខទូរស័ព្ទក៏តេមិនចូលទៀត តែលោក សុិន សុផល ដេញឲ្យអ្នកណាចង់ទិញពាក្យគឺនាំគ្នាទៅទិញនៅផ្ទះ លោកទូច សុគន្ធា ទៅ ។

ចំណែកលោកកេតម៉ៅអភិបាលស្រុកសំរោងបានឲ្យដឹងថាបើអ្នកណាចង់ទិញពាក្យដេញថ្លៃឲ្យមកជួបលោក ៕ ហេង សូរិយា

 


ចែករំលែក៖