ខេត្តស្ទឹងត្រែង៖ ក្បូនឈើយក្សមួយគ្រឿងសណ្តោងចុះពីស្រុកសៀមប៉ាង ឆ្លងកាត់ភូមិញើន ឃុំស្តៅ ស្រុកសេសាន តាមបណ្តោយដងទន្លេសេកុង មកដល់គល់សេកុងត្រូវ នគរបាលការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ឆ្មក់បង្ក្រាបបានទាន់ពេលវេលា នៅម៉ោង១និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
ប្រភពពីសមត្ថកិច្ចបាននិយាយថា ក្នុងការបង្ក្រាបក្បូនឈើយក្សនេះ ធ្វើឲ្យលោកមេព្រៃដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេ ព្រោះគាត់ធ្វើដូចជាមិនចង់អើពើ សោះអង្គើយ គ្រាន់តែប្រាប់ថា ឲ្យសមត្ថកិច្ច អូសក្បូនឈើចម្រុះនោះ មកទុកនៅខណ្ឌ ហើយក្បូនឈើនោះមានចម្រុះដូចជា ឈើស្រឡៅ ឈើទាល ឈើកកោះ និងអាចមានឈើខុសពីនេះផ្សេងទៀត ហើយនេះ ជាមុខសញ្ញាមេឈ្មួញជាសកម្ម ដែលតែងតែឆ្មក់លួចរកស៊ៅ ដឹកជញ្ជូនឈើតាមទូក និងក្បូន សណ្តោងចុះ លួចលាក់កំបាំងពីសមត្ថកិច្ច ជារើយៗ ។
ប្រភពដដែលបានបន្តទៀតថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើតាមក្បូននេះ ជាប្រភេទឈើមូល កាត់ចុង កាត់គល់ អូសទម្លាក់ចុះទឹក ចងជាក្បូនសណ្តោង ចុះទៅកាន់ខេត្តក្រចេះ ក្រោយពេលបង្ក្រាបបានឈើនោះ ត្រូវបានប្រគល់ឲ្យទៅជំនាញរដ្ឋបាល ព្រៃឈើខេត្តស្ថិតនៅក្រោមដំណាក់ស្តេច ។
លោកសុខ ស៊ីដា ជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រុង បានឲ្យដឹងនៅ ថ្ងៃទី១២ ខែកញ្ញាថា បច្ចុប្បន្នក្បូនឈើនោះ នៅមិន ទាន់លើកឡើងពីទឹកនៅឡើយទេ ជំនាញកំពុង រករថយន្តស្ទូចឈើនោះ មករក្សាទុកក្នុងខណ្ឌ រដ្ឋបាលព្រៃខេត្ត ហើយឈើនោះ ក៏មិនទាន់ដឹងថា មានប៉ន្មានប្រភេទដែរ ព្រោះវានៅក្នុងទឹកនៅឡើយ ។
គួរបញ្ចាក់ថា សកម្មភាពឈ្មួញរកស៊ី ដឹកឈើតាមទឹកមានច្រើនណាស់ ហើយក៏មានគ្រប់រូបភាពដែរ មានឈើធ្នុង់ ឈើសុក្រំ ឈើចម្រុះមូល គ្រាន់តែកាត់ចុង កាត់គល់ ខ្លះអារច្រៀក ចេញជាគ្រឿងផ្ទះ យកលេះថា យកមកធ្វើផ្ទះ ការពិតជាមុខសញ្ញាឈ្មួញរកស៊ីយ៉ាងសកម្ម ដូចកាលពីខែមុន នគរបាលសេដ្ឋកិច្ចខេត្ត ធ្លាប់បង្ក្រាបបានឈើគ្រឿងផ្ទះមួយទូក ដោយមានលិខិតបញ្ជាក់ពីមេភូមិ ពីមេឃុំ ថាយកមកទៅធ្វើផ្ទះ តែនៅតែជាប់សំណាញ់សមត្ថកិច្ចដដែល ព្រោះគ្មានការអនុញ្ញាត ពីរដ្ឋបាលព្រៃឈើមូលដ្ឋាន ដែនសមត្ថកិច្ចគ្រប់គ្រង ៕ មាស សុផាត