ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖បុរសវ័យកណ្ដាលម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួស ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តកុងតឺន័របើកបុកពេញទំហឹងរួចរថយន្តបង្កបន្ថែមល្បឿនជិះរត់គេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខបន្ទាយកងពលតូចលេខ៧០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ប្រាក់ បុរី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅពាមឧកញ៉ាអ៊ុង ស្រុកល្វាឯម ខេត្តកណ្ដាល។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់ គេឃើញជនរងគ្រោះបើកម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AI-9502 ឌុបមិត្តភ័ក្តម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងល្បឿនមធ្យម។ ខណៈមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង (មិនចាំស្លាកលេខ)បើកយ៉ាងលឿនជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកបរដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើត រីឯបុរសម្នាក់ដែលរួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ពេលឃើញសភាពការមិនស្រួល អ្នកបើកបររថយន្តបង្កបានបើករត់គេចបាត់ស្រមោល

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យ និងធ្វើកំណត់ហេតុ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានឲ្យរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំស្រាវជ្រាវរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូក្រោយពេលវាស់វែងរួច សមត្ថកិច្ចជំនាញអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង បណ្តោះអាសន្ន៕ សុខាសែនជ័យ


ចែករំលែក៖