ខេត្តកណ្តាល៖ ស្របពេល ដែលគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយចាប់ផ្តើមត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យការដឹកជញ្ជូនអាចម៍ដី ក្រួស ថ្ម ខ្សាច់ មិនគ្រប និងរឹតបណ្ដឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្សេងៗគ្នាក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ បានធ្វើឲ្យម្ចាស់យានយន្ត និងអ្នកបើកបរប្រតិបត្តិតាមគោលការណ៍ណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និយាយរួមមានឯកសារគ្រប់គ្រាន់ស្រប់ទៅតាមនីតិវិធី ។
ទោះជាមានការណែនាំយ៉ាងណា ក៏ដោយ បញ្ហារថយន្តដឹកលើសទម្ងន់ បញ្ហារថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និងបញ្ហារថយន្តដឹកដីដឹកខ្សាច់កំពប់លើផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅតែកើតមានដ ដែល ភាគច្រើនកើតឡើងនៅចន្លោះម៉ោង ដែលកម្លាំងចម្រុះសំរាក ពេលថ្ងៃត្រង់ កើតឡើងនៅពេលកម្លាំងចម្រុះដកចេញពីគោលដៅ ជាពិសេសកើតឡើងនៅពេលយប់តែម្តង ។ គ្រប់យានយន្ត ដែលបំពាន និងគោលការណ៍ណែនាំច្រើនធ្វើចរាចរលើផ្លូវលេខ១១០ ផ្លូវលេខ១១៦អា ដែលប្រជាពលរដ្ឋហៅថាផ្លូវស្រែអម្ពិល តភ្ជាប់ពីផ្លូវលេខ១១០ក្នុងឃុំឈើទាលមកកាន់ផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងផ្លូវ១ខ្សែទៀត គឺតាមបណ្តោយផ្លូវជាតិលេខ១ ។
ជាថ្មីម្តងទៀតពេញ១ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំគណៈបញ្ជការឯកភាពស្រុកដឹកនាំដោយលោកពៅ គីមលី អភិបាលរងស្រុកបានបើកយុទ្ធការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យការដឹកជញ្ជូនអាចម៍ដី ក្រួស ថ្ម ខ្សាច់ មិនគ្រប និងរឹតបណ្ដឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ១ ចំនុចមុខអតីតរោងចក្រអាឈើ កាសូទីម ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បន្ទាប់ពីដឹងថា មានកម្លាំងចម្រុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ផ្ទុក ត្រួតពិនិត្យការដឹកជញ្ជូនអាចម៍ដី ក្រួស ថ្ម ខ្សាច់ មិនគ្រប និងរឹតបណ្ដឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើឲ្យយានយន្តជាច្រើនគ្រឿងឈប់ចតតម្រាបគ្នានៅលើចិញ្ចើមផ្លូវជាតិលេខ១ នៅចំងាយប្រមានជា៥០០ម៉ែត្រពីគោលដៅត្រួតពិនិត្យ ដើម្បីបញ្ជៀសពីការចាប់ផាកពិន័យ និងធ្វើកិច្ចសន្យាឲ្យកាត់ទ្រុងចេញ ។ ស្របពេលនេះដែរ ក៏មានយានយន្តមួយចំនួនទៀតបើកវាងពីកម្លាំងចម្រុះដោយបើកចូលតាមផ្លូវក្នុងភូមិ ។
តាមការបញ្ជាក់របស់សមត្ថកិច្ច យានយន្ត ដែលគេចវេះពីការត្រួតពិនិត្យរបស់កម្លាំងចម្រុះនេះ អាចបណ្តាលមកពីម្ចាស់យានយន្តឬ ក៏អ្នកបើកបរគ្មានឯកសារគ្រប់គ្រាន់ស្របទៅតាមគោលការច្បាប់ ទើបមិនចូលឲ្យសមត្ថកិច្ចត្រួតពិនិត្យ ពេលកម្លាំងចម្រុះដកចេញទើបរថយន្តទាំងអស់នេះធ្វើចរាចរ ៕ សណ្តោស