ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីឡាវ វៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម៖ ព្រឹកថ្ងៃទី១៣កញ្ញា​ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីឡាវថងលួន ស៊ីសូលីត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ដែលជំនួបនេះត្រូវបានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុងវេទិកាសេដ្ឋពិភពលោកលើកទី២៧។

ក្នុងពិធី​ទទួល​​ទានអាហារពេលព្រឹកការងារនេះ​ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀត​ណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហ​ប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍ សម្រាប់ប្រទេសទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់​លើ​ការ​បន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថេរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។

នៅក្នុងជំនួបពិភាក្សាការងារនោះដែរ មេដឹកនាំនៃប្រទេសទាំងបីក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើគំរោងនៃការតភ្ជាប់នៃ ប្រទេសទាំងបី ពិសេសនៅតំបន់ត្រីកោណដែលជាតំបន់មួយមានការអភិវឌ្ឍទាបនៅឡើយ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍតំបន់ត្រីកោណ សំដៅធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការអភិ​វឌ្ឍតំបន់ទាំងនោះ ឲ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។

ក្នុងកិច្ចពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងបី ក៏បានប្តេជ្ញារួមគ្នាក្នុងការជំរុញល្បឿននៃការអភិវឌ្ឍតំបន់ត្រីកោណ តាមរយៈការពិនិត្យលទ្ធភាពនិងការដាក់សំណើរទៅកាន់​ដៃគូអភិវឌ្ឍ ដើម្បីរកកញ្ចប់ថវិកាអភិវឌ្ឍតំបន់ត្រីកោណ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ទ្វេឡើងថែមទៀត ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ត្រីកោណ កាន់តែទទួល​បាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕


ចែករំលែក៖