ភ្នំពេញ៖ បញ្ហាផ្តល់សេវាសាធារណៈលើការស្នើសុំចម្លងអត្តសញ្ញាណប័ណ្ណ , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ និង ឯកសារផ្សេងៗ ចូលរដ្ឋបាលខណ្ឌច្បារអំពៅ គឺ ជាប្រធានបទយ៉ាងក្តៅគគុក នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកអធិការខណ្ឌច្បារអំពៅ លោកមេបញ្ជាការរងខណ្ឌច្បារអំពៅ និង មន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។
នៅក្នុងកិច្ចប្រជុំនេះដែរលោក ចេង មុនីរ៉ា បានលើកឡើងបញ្ហាជាច្រើន ដូចជាបញ្ហាប្រជាពលរដ្ឋមកសុំចម្លងអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង ឯកសារផ្សេងៗ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាកន្លែងកម្សាន្តផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងបញ្ហាជាច្រើនទៀត ។
ជាថ្មីម្តងទៀតលោកអភិបាល បានលើកឡើងពីបញ្ហាប្រជាពលរដ្ឋខ្លះបានដាក់សម្ពាធផ្នែកអារម្មណ៍លើមន្ត្រីខណ្ឌច្បារអំពៅ ។ “សម្ពាធផ្នែកអារម្មណ៍” នេះ គឺ ចង់សំដៅលើប្រជាពលរដ្ឋមួយចំនួន ដែលយកឯកសារមិនប្រក្រតី ឬ ឯកសារខុសច្បាប់ មកឲ្យមន្ត្រីជំនាញបំពេញ ដែលជារឿង១០ឆ្នាំទៀត ក៏មន្ត្រីមិនអាចធ្វើបានដែរ ។
លើសពីនេះទៀតលោកអភិបាលខណ្ឌបាន និយាយចំៗដោយលើកជាឧទាហរណ៍ ថា ប្រជាពលរដ្ឋខ្លះមានអត្តសញ្ញាណប័ណ្ណនៅមានសុពលភាព ដែលមានទីលំនៅក្នុងខេត្តកណ្ដាល ហើយមកសុំធ្វើអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត ក្នុងរដ្ឋបាលខណ្ឌច្បារអំពៅ ។
ប៉ុន្តែប្រជាពលរដ្ឋនោះ បានកុហកមន្ត្រីជំនាញ ថា រូបគេមិនមានអត្តសញ្ញាណប័ណ្ណទេ ឬ អត្តសញ្ញាណប័ណ្ណ ផុតសុពលភាពហើយ ។ បញ្ហាទាំងនេះ ទោះបីជាមន្ត្រីខណ្ឌច្បារអំពៅ បំពេញតួនាទីបានល្អយ៉ាងណាក៏ដោយ ប៉ុន្ដែទិដ្ឋភាពផ្លូវច្បាប់ គឺ ពិតជាមិនអាចផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋរូបនោះឡើយ ។ ដល់ ពេលមន្ត្រីជំនាញខណ្ឌច្បារអំពៅ មិនអាចចេញឯកសារទាំងនោះបាន បែរជាមកចោទប្រកាន់មន្រ្តីថា ធ្វើការយឺតយ៉ាវ មិនបំពេញតម្រូវការប្រជាពលរដ្ឋ ។ តើនេះជាយុត្តិធម៌ដែរឬទេ សម្រាប់មន្ត្រីខណ្ឌច្បារអំពៅ ។
ក្រៅពីបញ្ហានេះ លោក ចេង មុនីរ៉ា បានណែនាំឲ្យមន្ត្រីជំនាញ អនុវត្តឲ្យមានប្រសិទ្ធភាពលើការអនុវត្តច្បាប់ចរាចរណ៍ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ បញ្ហាគ្រឿងញៀន និង បញ្ហាជាច្រើនទៀត ក្នុងគោលដៅថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ៕ សណ្តោស