ព័ត៌មានទាន់ហេតុការណ៍៖

កាច់កម៉ូតូនៅព្រៃវែង សមត្ថកិច្ចចាប់បាននៅកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃរហ័សជំនាញកាច់កម៉ូតូម្នាក់ បានលួចកាច់កម៉ូតូនៅខេត្តព្រៃវែងបានសម្រេច ជិះមកសម្ងំលាក់ខ្លួនក្នុងទឹកដីខេត្តកំពង់ស្ពឺបាន៥ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រុកភ្នំស្រួច ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខេត្តព្រៃវែង ចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅម៉ោង៨ និង០៥នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះវង់ វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពពេល ឃុំពពេល ស្រុកពារាំង ខេត្តព្រៃវែង រួមជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ១AB-៨៣០៣។

ប្រភពព័ត៌មានពីសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ កម្លាំងជំនាញ បានទទួលព័ត៌មានពីខេត្ដព្រៃវែងមកថា មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿងបានសម្រេច រួចជិះគេចមកសម្ងំលាក់ខ្លួននៅក្នុងទឹកដីស្រុកភ្នំស្រួចនេះ។

ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ច ស្រាវជ្រាវស្គាល់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យច្បាស់ហើយ កម្លាំងនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចំបក់ ចុះឃាត់ខ្លួនជនសង្ស័យរួមទាំងម៉ូតូ១គ្រឿង ។

ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន ដើម្បីប្រគល់ឱ្យសមត្ថកិច្ចខេត្តព្រៃវែង មកទទួលយកទៅចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖