ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ស្ថាប័នគរុភ័ណ្ឌអារ៉ាប៊ីសាអ៊ូឌីត ត្រៀមខ្លួនជានិច្ចសហការ នឹងកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនានា ដែលចាំបាច់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់៖ ស្ថាប័នគរុភ័ណ្ឌអារ៉ាប៊ីសាអ៊ូឌីត ត្រៀមខ្លួនជានិច្ចសហការ នឹងកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនានា ដែលចាំបាច់នៅកម្ពុជា ។ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់បែបនេះ ខណៈលោក ទទួលជួប លោកបណ្ឌិតAbdu llah Mohamed Al Yahya គណៈប្រតិភូស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី អារ៉ាប៊ីសាអ៊ូឌីត និងជា ប្រធានការិយាល័យក្រុមប្រឹក្សាសាសនាឥស្លាម នៃស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត ប្រចាំក្រុងបាងកក ដើម្បីសម្ដែង ការគួសម និងពិភាក្សាការងារ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា កាលពីថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ ។

តំណាង ស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី អារ៉ាប៊ីសាអ៊ូឌីត លោក បណ្ឌិត Abdullah Mohamed Al Yahya បានសម្តែងការកោតសរសើរ ពីគោលនយោបាយសុខដមបនីយកម្ម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលដឹកនាំនាវាសន្តិភាព សុខដមបនីយកម្មនៅកម្ពុជាអស់រយៈពេលជាង៣ ទសវត្សរ៍ បានប្រែក្លាយទៅជាប្រទេសដែលមានសេរីភាព សម្បូរសប្បាយ រីកចម្រើនរុងរឿង និងត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិ។

ក្នុងនាមគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី លោករីករាយ និងរួមសហការ ជាមួយថ្នាក់ដឹកនាំឥស្លាមនៅកម្ពុជាលើវិស័យគរុភ័ណ្ឌ ដើម្បីចូលរួមចំណែកបន្តការអភិវឌ្ឍ វិស័យចាំបាច់នានា ដែលរាជរដ្ឋាភិបាលកម្ពុជា មានតម្រូវការក្នុងការអភិវឌ្ឍប្រទេស និងសហគមន៍របស់ខ្លួន។ លោក ក៏បានសំណូមពរដល់ភាគីកម្ពុជា ដែលមាន លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាដៃគូ គិតគូរពីការបង្កើតឲ្យមានស្ថាប័នគរុភ័ណ្ឌ មួយនេះដោយស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់កិច្ចសហការជាវិជ្ជមានលើគម្រោងអភិវឌ្ឍន៍នានាជាបន្តទៅមុខ ព្រោះ ស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី គឺជាលំដាប់គរុភ័ណ្ឌដែលឈរក្នុងចំណោមលំដាប់ គរុភ័ណ្ឌនានា របស់អារ៉ាប៊ីសាអ៊ូឌីត ដែលមានដើមទុន និងគម្រោងធំៗជាច្រើន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់គម្រោងអភិវឌ្ឍន៍ផ្សេងៗ របស់រាជរដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត និង បណ្តាប្រទេសដៃគូជាមិត្តផ្សេងៗ ។ សម្រាប់កម្ពុជា ក៏ជាទិសដៅមួយ ដែលស្ថាប័នគរុភ័ណ្ឌនេះ កំពុងផ្តោតការយកចិត្តទុកដាក់ និងរីករាយ ក្នុងការផ្តល់ជំនួយផ្សេងៗតាមតម្រូវការចាំបាច់ ផងដែរ ។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានអរគុណ ចំពោះគោលបំណង របស់ភាគីស្ថាប័នគរុភ័ណ្ឌហ្សៃខ សឡេះ អាល់រ៉ុចហ៊ី មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមើលឃើញ និងកោតសរសើរការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមភាគីកម្ពុជា រីករាយ និងសហការជាដៃគូដើម្បីទទួលអនុវត្តគម្រោងមនុស្សធម៌របស់ស្ថាប័នគរុភ័ណ្ឌសាសនា មួយនេះ ឲ្យដំណើរការឆ្ពោះទៅមុខនៅកម្ពុជា និងចូលរួមលើកស្ទួយអភិវឌ្ឍន៍វិស័យនានា ដែលចាំបាច់ផ្សេងៗនៅកម្ពុជា ជាពិសេសវិស័យអប់រំ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងវិស័យដទៃទៀត ដែលសហគមន៍ខ្មែរឥស្លាមនៅតែមានតម្រូវការ ដល់ភាគីគរុភ័ណ្ឌ ចូលរួមលើកស្ទួយ ៕ សំរិត


ចែករំលែក៖