ខេត្តកណ្ដាល៖ ម៉ូតូ២គ្រឿងបានបើកបោះពួយបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម រីឯបុរសម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិក្នុងភូមិអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា បុរសស្លាប់ឈ្មោះ ប៊ន ចាន់ថុន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ជាអ្នកបើកបរម៉ូតូធុនសេ១១០ ពណ៌ក្រហម គ្មានស្លាកលេខ ។ បុរសម្នាក់ទៀតរងរបួសធ្ងន់នោះពុំទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2GE-9071 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងខាងលើនេះ បើកបរតាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ខណៈដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូធុនសេ១១០កូរ៉េ ដែលកំពុងបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យម៉ូតូទាំង២គ្រឿង ដួលបោកទៅលើផ្លូវ បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូធុនសេ១១០កូរ៉េ បោកក្បាលស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម រីឯអ្នកបើកម៉ូតូធុនសេ១២៥រងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល បានចុះទៅអន្ដរាគមន៍ហៅរថយន្ដសាមុយដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯសាកសពជនរងគ្រោះម្នាក់ទៀតត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ