ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់គាំងបេះដូងបណ្ដាលឲ្យស្លាប់ក្នុងបន្ទប់របស់ខ្លួននៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនជាតិចិនម្នាក់ បានបាត់បង់ជីវិតនៅក្នុងបន្ទប់របស់ខ្លួនដោយសង្ស័យថា ការស្លាប់ខាងលើនេះបណ្ដាលមកពីគាំងបេះដូង ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងរោងសិប្បកម្មបោកគួកសំលៀកបំពាក់របស់ឈ្មោះ Lai jian Zhu ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ LIN WEIJIAN ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC5692130 ផុតសុពលភាពថ្ងៃ១២.០៣.២០២៨ ទិដ្ឋាការលេខEI01499257 ផុតសុពលភាពថ្ងៃទី០១.០៦.២០១៩ មុខរបរកម្មករ ។ បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្ដថា តាមការភ្លឺរបស់ឈ្មោះ ឈ្មោះJian xijiu ជាមេការក្នុងសិប្បកម្មស្នាក់នៅជាមួយគ្នាបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី ខ្លួននិងជនរងគ្រោះបាននាំគ្នាធ្វើម្ហូបហូបបាយ ។ ខណៈកំពុងធ្វើនោះជនរងគ្រោះបានដើរទៅបន្ទប់ធ្វើការបាត់ រីឯខ្លួននៅធ្វើម្ហូបដដែល លុះប្រហែលជាងមួយម៉ោងក្រោយមក បន្ទាប់ពីធ្វើម្ហូបរួច ខ្លួនក៏បានដើរទៅរកជនរងគ្រោះហូបបាយនៅក្នុងបន្ទប់ធ្វើការ ខណៈបើកទ្វារបន្ទប់ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើកម្រាលឥដ្ឋក្នុងបន្ទប់ ភ្លាមនោះបង្កឲ្យមានការភ្ញាក់ផ្អើល រួចរាយការណ៍មកសមត្ថកិច្ចដើម្បីពិនិត្យសាកសព ។

ក្រោយពីសមត្ថកិច្ចជំនាញស្រុកទទួលបានព័ត៌មានខាងលលើ ភ្លាមនោះក៏សហការលោកវេជ្ជបណ្ឌិត គិត សុផល គ្រូពេទ្យកោសល្យវិច្ច័យខេត្តកណ្ដាល ,មន្រ្ដីការិយាល័យបច្ចេកទេសខេត្ដ និងក្រុមប្រឹក្សាឃុំ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យទៅលោក Jian xiju ជាមេការក្នុងសិប្បកម្ម យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញរង់ចាំសាច់ញាតិមកពីប្រទេសចិនទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖