ខេត្តពោធិ៍សាត់៖ ទៀតហើយៗ ដំណាំ និងលំនៅឋានត្រូវបានកម្លាំងចម្រុះស្រុកវាលវែង សហការចុះបង្រ្កាបដោយកម្ទេចចោលនៅនឹងកន្លែង ខណៈតំបន់នោះសមត្ថកិច្ចអះអាងជាដីហាមឃាត់។
ប្រតិបត្តិការខាងលើធ្វើឡើងពេញមួយថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភ្នំ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប និងត្រង់ចំណុចអូរកង់ឡាន ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានបង្ហើបឲ្យដឹងថា ចំណុចទី១ ភ្នំ(១៥០០)បង្រ្កាបដោយកម្ទេចដំណាំនៅលើដីដែលទើបនឹងណាំដុះ ព្រោះដីតំបន់នោះជាតំបន់ហាមឃាត់ ចំណុចទី២អូរកង់ឡាន បង្រ្កាបដោយកម្ទេចផ្ទះសម្បែងចំនួន ៦ខ្នង ដែលទើបនឹងសង់ថ្មីៗនៅលើដីហាមឃាត់ដូចគ្នា៕ ប៉ឹម ពិន