ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃុំដូងស្រុករមាសហែកងាកមករករបរថ្មីដើរកាប់វល្លិ៍៍ក្រព័ទ្ធជ្រូកនិងវល្លិ៍ត្រីលក់ឲ្យឈ្មួញវៀតណាមគ្រាន់បានកម្រៃផ្គត់ផ្គង់គ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រៅពីប្រកបការងារកសិកម្មធ្វើស្រែចំការ ប្រជាពលរដ្ឋនៅឃុំដូងស្រុករមាសហែកខេត្តស្វាយរៀង មួយចំនួនបាននាំគ្នាចូលព្រៃដើរ កាប់វល្លិ៍ពីរប្រភេទ ដែលឈ្មួញវៀតណាមទិញយកទៅធ្វើថ្នាំផ្សំពីរុក្ខជាតិ ដើម្បីព្យាបាលដល់មនុស្សដែលមានជំងឺផ្សេងៗនៅក្នុងប្រទេសរបស់គេ។

យោងតាមបុរសម្នាក់ដែលកំពុងតែដឹកវល្លិ៍តាមម៉ូតូចេញពីក្នុងព្រៃបានឲ្យដឹងថា ពួកគាត់រករបរដើរកាប់វល្លិ៍ក្នុងព្រៃនេះជាច្រើនឆ្នាំមកហើយ ចំណែកកម្រៃដែលទទួលបានពីរបរនេះ ក៏បានគួរសមដែរ គ្រាន់បានផ្គត់ផ្គង់ជីវភាពបានមួយកម្រិតផងដែរ។

បុរសខាងលើបានបញ្ជាក់ទៀតថា វល្លិ៍ដែលត្រូវប៉ាន់ហើយឈ្មួញវៀតណាមទិញនោះគឺវល្លិ៍ ឬដើមក្រព័ទ្ធជ្រូក និងវល្លិ៍ត្រី វល្លិ៍ទាំងពីរនេះ ភាគច្រើនដុះក្នុងព្រៃត្រូវចំណាយពេលចូលទៅក្នុងព្រៃកាប់រយះពេលមួយព្រឹក ឬមួយថ្ងៃទើបបានលក់ដោយវល្លិ៍ទាំងពីរនេះពុំសូវសំបូរនោះទេ ទាល់តែព្យាយាមដើររកបន្តិចទើបជួបប្រទះ។

ប្រភពបានបន្ថែមទៀតថា ចំណែកតម្លៃវល្លិ៍នេះវិញក្នុង១គីឡូក្រាមបាន៨០០រៀលទៅ១០០០រៀល តែបើហាលឲ្យស្ងួតវិញ បាន១២០០ទៅ១៤០០រៀល ហើយក្នុងមួយថ្ងៃបានចាប់ពី៤០ទៅ៥០គីឡូក្រាមដូច្នេះបានប្រាក់គួរសមដែរ តែបើឈ្មួញវៀតណាមផ្តាក់វិញយ៉ាប់ដែ រមិនដឹងថា កាលណាឲ្យលុយទេ វាយូរបន្តិចហើយមិនដឹងរកអី ចេះតែនាំគ្នាទៅកាប់វល្លិ៍មកលក់ទៅ។

ទោះបីយ៉ាងណាការដើររកវល្លិ៍លក់ពីប្រជាពលរដ្ឋនៅឃុំដូងនេះ មិនបានបញ្ជាក់ឲ្យបានក្បោះក្បាយថាវល្លិ៍ទាំងពីប្រភេទនេះ ឈ្មួញវៀតណាមទិញយកទៅធ្វើថ្នាំអីនោះទេ ប៉ុន្តែតម្រូវការទិញវល្លិ៍នេះវិញ គឺមានបញ្ជាទិញកើនឡើង ឲ្យតែមានលក់ទិញគ្មានសល់នោះទេ៕ យឹម សុថាន


ចែករំលែក៖