ខេត្តស្វាយរៀង៖ តំណាងសហគមន៍សាមគ្គីរមាសហែក បានចោទប្រកាន់ទៅលើមន្ត្រីអាជ្ញាធរ សមត្ថកិច្ចឃុំអំពិល និងស្រុករមាសហែក ខេត្តស្វាយរៀងថា បានរិតត្បិតមិនឲ្យមន្ត្រីរបស់សហគមន៍ បើកវគ្គបង្រៀនប្រជាពលរដ្ឋស្ដីពីជំនាញចិញ្ចឹមមាន់ និងការសន្សំប្រាក់នៅតាមមូលដ្ឋាន បើទោះបីជាសហគមន៍នេះ បានជូនដំណឹងដល់អាជ្ញាធររួចហើយក៏ដោយ ។ ប៉ុន្តែមន្ត្រីអាជ្ញាធរបានបដិសេធ ទៅនឹងការចោទប្រកាន់នេះ និងអះអាងថាបើសហគមន៍នេះមានច្បាប់ទម្លាប់ត្រឹមត្រូវ នោះនឹងមិនហាមឃាត់ឡើយ មានតែសហការ តែសហគមន៍នេះ បានត្រឹមតែនិយាយ មិនបង្ហាញលិខិតស្នាមផ្លូវច្បាប់អ្វីឡើយ ។
កាលពីថ្ងៃព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចប៉ុស្តិ៍ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចុះទៅហាមឃាត់ សហគមន៍សាមគ្គីរមាសហែក មិនឲ្យបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដល់សមាជិកសហគមន៍ នៅក្នុងសហគមន៍សាមគ្គី រមាសហែកដោយសំអាងថា សហគមន៍នេះ គ្មានច្បាប់ គ្មានលិខិតស្នាមត្រឹមត្រូវ គ្រាន់តែអះអាងដោយខ្លួនឯងថា ជាសហគមន៍តែប៉ុណ្ណោះ ។
មន្ត្រីសហគមន៍ បានអះអាងថា ការចុះបង្រៀននេះ គឺខ្លួនបានជូនដំណឹង និងយល់ព្រមពីសំណាក់មេភូមិ មេឃុំ និងការិយាល័យកសិកម្មស្រុក រួចហើយ ក៏ដោយ ក៏អាជ្ញាធរមិនអនុញាតឲ្យដែរ ។
យោងតាមតំណាងកសិករចិញ្ចឹមមាន់ម្នាក់នៅភូមិអំពិល ឃុំអំពិល បានឲ្យដឹងថា ពិតជាមានករណីសមត្ថកិច្ច ទៅហាមឃាត់ពួកគាត់មិនឲ្យផ្សព្វផ្សាយស្តីពី វគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់ពិតប្រាកដមែននៅព្រឹកនេះ ក្រោមការបញ្ជាពីលោក អធិការស្រុក ។ ក្រោយពីសមត្ថកិច្ចចុះហាមឃាត់មិនឲ្យផ្សព្វផ្សាយ ពួកគាត់បានផ្អាកតាមការស្នើសុំ តែពួកគាត់សំណូមពរទៅសមត្ថកិច្ចវិញថាបើមិនឲ្យ ផ្សព្វផ្សាយនៅសហគមន៍ ពួកគាត់ស្នើសុំចុះទស្សនកិច្ចតាមខ្នងផ្ទះវិញ សមត្ថកិច្ចក៏បានយល់ព្រម តែស្ថិតក្រោមការឃ្លាំមើលពីសមត្ថកិច្ចដដែល ។
តំណាង កសិករចិញ្ចឹមមាន់ បានសម្ដែងការហួសចិត្តគ្រាន់តែផ្សព្វផ្សាយ របៀបចិញ្ចឹមមាន់សោះ ក៏ត្រូវបានសមត្ថកិច្ចមកហាមឃាត់ បើទោះបីបានសុំច្បាប់អនុញាត តាំងពីមេភូមិ មេឃុំ រហូតដល់ស្រុកហើយក៏ដោយ ក្នុងនោះខាងសហគមន៍បានស្នើសុំច្បាប់៣ថ្ងៃ ដើម្បីផ្សព្វផ្សាយអំពីរបៀបចិញ្ចឹមមាន់នេះ ។
លោកពេញ ជា អភិបាលស្រុករមាសហែក បានប្រាប់ឲ្យអ្នកសារព័ត៏មានដឹងថា មន្ត្រីរបស់លោកពិតជា ចុះទៅហាមឃាត់មែន ព្រោះសហគមន៍នេះ គ្មានច្បាប់ទម្លាប់នោះទេ ចេះតែថា គ្មានច្បាប់ទម្លាប់ពីក្រសួង ពីខេត្តអីនោះទេ គាត់ចេះតែអះអាងថាតែខ្លួនគាត់ប៉ុណ្ណោះ បើដូចអង្គការឬសហគមន៍ ផ្សេងៗ គេមានច្បាប់ត្រឹមត្រូវ គឺអាជ្ញាធរមិនហាមឃាត់នោះទេ មានតែសហការ មិនតែប៉ុណ្ណោះ តាមការក្ដាប់ព័ត៌មានបាន គឺមន្ត្រីសហគមន៍ខាងលើ ប្រើរូបមន្តចុះបង្រៀន ប្រជាពលរដ្ឋពីជំនាញចិញ្ចឹមមាន់ តែធាតុពិតគឺកែនប្រជាពលរដ្ឋ ទៅធ្វើរឿងផ្សេងៗ ដូចជារឿងដីធ្លីជាដើម ។
ចំណែកលោក សំ សំអុលអធិការ នគរបាលស្រុករមាសហែកបានប្រាប់ឲ្យដឹងថា ការឃាត់សកម្មភាពរបស់សហគមន៍ព្រឹកមិញនេះ មិនមែនឃាត់សកម្មភាពសហគមន៍របស់លោកទេ គឺឃាត់សកម្មភាពរបស់សហគមន៍សាមគ្គីរមាសហែក ដែលសហគមន៍នេះគឺមិនទាន់មានច្បាប់នៅឡើយទេ ចំពោះសំណើរបស់លោកស្រី ខៀវ សារ៉ុន នោះក៏លោកអភិបាលស្រុករមាសហែកមិនទាន់អនុញ្ញាតច្បាប់ឲ្យធ្វើសកម្មភាពនៅឡើយ ៕ យឹម សុថាន