ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូដោយល្បឿនលឿន ក្នុងស្ថានភាពស្រវឹងជោកជាំមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុកឃឿនសួនច្បារពុះចែងទ្រូងផ្លូវ បណ្ដាលឲ្យដួលបែកក្បាលស្លាប់ភ្លាមនៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១និង៥៣នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ស្ថិតក្នុងភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ រ៉ាន់ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-7341 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតេហេតុ សាក្សីបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណ២១ គេបានឃើញជនរងគ្រោះខាងលើជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងស្ថិតក្នុងស្ថានភាពស្រវឹង និងល្បឿនលឿនផងនោះ លុះជិះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតម៉ូតូជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ស្រុកបានចុះពិនិត្យវាស់វែងនៅកន្លែងកើតហេតុ រួចកសាងសំណុំរឿងដកហូតម៉ូតូជនរងគ្រោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ បណ្ដាលមកពីជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង និងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបជាបុកឃឿនសួនច្បារពុះចែងទ្រូងផ្លូវស្លាប់យ៉ាងដូច្នេះ ៕ស្អាងជ័យ