ខេត្តព្រះសីហនុ៖ គិតមកត្រឹមម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទឹកជំនន់បានជន់លិចនៅចំណុចផ្លូវទំនាបលើដងផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ធ្វើឲ្យចរាចរត្រូវកាត់ផ្តាច់ទាំងស្រុង ។
លោក សៅបុរីវឌ្ឍន: អភិបាល ស្រុកកំពង់សិលា បាននិយាយថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ នៅតែបន្តធ្លាក់មកយ៉ាងគំហុក ជាហេតុធ្វើឲ្យលិចនៅចំណុចផ្លូវទំនាបលើដងផ្លូវជាតិលេខ៤ ជាពិសេសចំណុចស្ពានស្ទឹងសំរោង ធ្វើឲ្យចរាចរត្រូវបានកាត់ផ្តាច់ទាំងស្រុងចាប់តាំងពីម៉ោង០១រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ ។
លោកបន្តឲ្យថា ការធ្វើចរាចរណ៍ត្រូវបានសមត្ថកិច្ចបញ្ចៀសទៅតាមផ្លូវជាតិលេខ៣វិញ ( ផ្លូវទៅខេត្តកំពត ) ពេលនេះ កំពុងស្ថិតនៅក្នុងពេលរង់ចាំមើល បើស្ថានភាពភ្លៀងមិនបន្តធ្លាក់មកបន្ថែមទៀត ទឹកនឹងអាចស្រកទៅវិញ ទើបការចរាចរអាចដំណើរការជាធម្មតាវិញបាន ៕ ឆ្លាម សមុទ្រ