ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អំណាចប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីដ៏ធំធេង

ចែករំលែក៖

ថ្មីៗនេះ ឈ្មួញ​រកស៊ីដឹកឈើ​បានសិទ្ធិ​ក្នុងការនាំឈើចេញទៅក្រៅប្រទេសចំនួន១៣រថយន្តធំៗ ក្រោមអំណាចរបស់​លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។ ពាក្យចាស់លោកពោលថា «កន្ទេលធំបន្លំដេក» នោះគឺឈ្មួញអាចនាំឈើ​ចេញ ក្រោមច្បាប់​របស់លោកសុង ឃាង ដែលគេ​ខ្សឹបថា ឈើនោះ គឺពួកឈ្មួញទើបតែកាប់អារថ្មីៗ ។ ដោយមានការសម្របសម្រួល និងដើរតួពីនាយខណ្ឌរដ្ឋបាលព្រៃឈើ អ៊ុំ វណ្ណសុភក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ឈ្មួញបានដឹកឈើ​១៣រថយន្ត​ចេញទៅ​ប្រទេសវៀតណាម​ដោយសុវត្ថិភាព ។

អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមអំណាចចាត់ចែងរបស់លោក ស្វាយ សំអ៊ាង ត្រូវគេរាយការណ៍ថា បានផ្អែមមាត់​ផ្អែមក ជាមួយទំហំនៃការចេញឈើដ៏ច្រើនសន្ធឹកសន្ធាប់នោះ ។ ទំហំឈើ​១៣រថយន្តធំៗរបស់ឈ្មួញនោះ ត្រូវគេអះអាងថា បានចែក​រំលែកគ្នាលិឌ ក្នុងចំណោមមន្ត្រីអ្នកមានអំណាចនៅខេត្តមណ្ឌលគិរី ។ អ្នកដែលបានលិឌផ្អែមមាត់ជាងគេ គឺថ្នាក់ដឹកនាំខេត្ត​នេះឯង ។ ក្រៅពីនោះ ក៏មានលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម និងមេ​ចំណែកធំ គឺលោក អ៊ុំ វណ្ណសុភក្ត្រ​នាយខណ្ឌរដ្ឋបាល​ព្រៃឈើ ។ គេមិនដឹងថា តើថ្នាក់ដឹកនាំ​រដ្ឋបាលព្រៃឈើនៅភ្នំពេញ ក៏ដូចជាក្រសួងកសិកម្មបានជ្រាបពីទង្វើរបស់មន្ត្រី​នៅ​ក្រោម​អំណាច​ឯខេត្តមណ្ឌលគិរី ដែរឬយ៉ាងណានោះទេ ។

ពួកឈ្មួញហាក់ដូចជាត្រូវបានខ្ទប់​ម្តងរួចមកហើយ ចំពោះ​ការប៉ុនប៉ងនាំឈើចេញទៅក្រៅប្រទេស ។ ប៉ុន្តែ​ដោយមានការ​សម្របសម្រួល និងការដើរតួរបស់លោកអ៊ុំ វណ្ណសុភក្ត្រ​ ទើបប្រធានមន្ទីរកសិកម្ម​សម្រេចអនុញ្ញាតច្បាប់​ឲ្យឈ្មួញនាំឈើ​ចេញ រហូតដល់​១៣រថយន្តធំៗ ។ ករណី​លោក សុង ឃាង និងលោក អ៊ុំ វណ្ណសុភក្ត្រ ក្នុងនាមមន្ត្រីអនុវត្តច្បាប់​ ប៉ុន្តែ​ឆ្លៀតយកច្បាប់​ដើម្បីស្វែងរកផលប្រយោជន៍នោះ បានកើតមានជាញឹកញាប់ ។ ពួកគេទាំងពីរនាក់នេះ​ក្លាយទៅជា​ប្រភពហិរញ្ញវត្ថុ​ដ៏ច្រើនសម្រាប់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ។ និយាយឲ្យខ្លីទៅ ថ្នាក់គណៈអភិបាលខេត្ត​មណ្ឌលគិរី បានសើមមាត់សើមក ក្នុងបញ្ហាបទល្មើសព្រៃឈើ ដោយសារតែ​ប្រធានមន្ទីរកសិកម្ម និងនាយខណ្ឌ​រដ្ឋបាលព្រៃឈើ ៕


ចែករំលែក៖