ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តដឹកមេស៊ីម៉ង់ត៍កិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូចេញពីទិញម្ហូបហើយឆ្លងផ្លូវទៅបុកជាមួយរថយន្តដឹកមេស៊ីម៉ង់ត៍ពីចំហៀង ហើយខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់តែម្ដង ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ចំណាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយជិះម៉ូតូម៉ាក VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2111 ។ ចំណែកតៃកុងរថយន្តបង្កមានឈ្មោះ ទូច វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិត្រាំក្បាល ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ ដោយបើកបររថយន្តម៉ាកRHINO ពណ៌ក្រហម ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-6306 ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីទិញម្ហូប បានធ្វើដំណើរតាមផ្លូវព្រៃស ហើយឆ្លងទៅផ្លូវជាតិលេខ៣បម្រុងទៅទិសខាងត្បូង ស្របពេលនោះក៏មានរថយន្តដឹកមេស៊ីម៉ង់ត៍ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងត្បូងក្នុងល្បឿនលឿន ហើយក៏ត្រូវជនរងគ្រោះជិះម៉ូតូបុករថយន្តពីចំហៀង បណ្ដាលឲ្យជនរងគ្រោះដួលខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅហ្នឹងកន្លែងកើតហេតុ រីឯម៉ូតូខូចខាតតិចតួចប៉ុណ្ណោះ ។
ក្រោយកើតហេតុ រថយន្តដឹកមេស៊ីម៉ង់ត៍មិនព្រមឈប់នៅកន្លែងកើតហេតុនោះទេ ដោយព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចដែលនៅក្បែរនោះបានដេញតាមឃាត់បានទាំងរថយន្ត និងតៃកុងតែម្ដង ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ