ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចកាច់ សោ ក ម៉ូតូ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុច ផ្លូវលេខ៨៦ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នេះរួមមាន៖ ទី១មានឈ្មោះ លាង ឡុងនី ហៅឡុង ហៅរ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ និងទី២ឈ្មោះ ស៊ីថា ស៊ីណាវិបុល ហៅបុល ភេទប្រុស អាយុ ១៨ឆ្នាំ ពួកគេទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Nex ពណ៍ស ស្លាកលេខ ភ្នំពេញ 1GR-7405 ជារបស់ជនរងគ្រោះ ឈ្មោះ ប៉ិច សិរីបញ្ចពណ៍ ហៅឡាង ភេទស្រី អាយុ ១៨ឆ្នាំ ដែលចតនៅមុខហាងលក់គ្រឿងសំអាងយីហោ Choice Cosmetics Shop ។
តាមការសាកសួរ ក្រោមវិធានការជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង២នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Nex ពណ៍ស ស្លាកលេខ ភ្នំពេញ 1GR-7405 ពិតប្រាកដមែន ដោយនៅថ្ងៃកើតហេតុ ពួកគេបានឃើញឳកាសល្អ ពេលដែលជនរងគ្រោះចតម៉ូតូចោល មុខហាង ពួកគេក៏បានចូលទៅលួចកាច់ សោ ក យកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់តែម្តង។ ក្រោយមក ពួកគេបានជិះម៉ូតូនោះ ទៅផឹកស៊ីជាមួយមិត្តភក្តិរបស់ខ្លួន នៅម្តុំបឹងកក់។ មួយសន្ទុះក្រោយមក ខណ:ពេលដែលពួកខ្លួនកំពុងអង្គុយផឹកស៊ី ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថចូលមកធ្វើការឃាត់ពួកខ្លួនតែម្តង ហើយពួកគេបានបញ្ជាក់ប្រាប់សមត្ថកិច្ចអាវុធហត្ថទៀតថា កន្លងមកពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន រយ:ពេលប្រហែល ០១ឆ្នាំ មកហើយ។
ក្រោយការស្រាវជ្រាវតាមវិធានការជំនាញ និងយោងតាមចម្លើយសារភាពជាក់ស្តែងរបស់ជនសង្ស័យ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងបញ្ជូនពួកគេទាំង ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគារ តាមបទល្មើសជាក់ស្តែង៕អារុណរះ