ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៩ ភាគីសហជីពបន្ថយ៣ដុល្លារ ភាគីនិយោជកកើន១ដុល្លារ

ចែករំលែក៖

ភ្នំពេញ : លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មកាប្រឹក្សាការងារ បានបញ្ជាក់ថា លទ្ធផលសម្រេចក្នុងកិច្ចប្រជុំត្រីភាគីជាលើកទី៣ ពីប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតឆ្នាំ២០១៩ខាងមុខ សម្រាប់ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានបន្ថយតួរលេខពី១៩២ដុល្លារ មកត្រឹម១៨៩ដុល្លារ ចំណែកភាគីនិយោជកបានតម្លើងដល់១៧៦ដុល្លារ គ្រាតួរលេខចាស់មានចំនួន១៧៥ដុល្លារអាម៉េរិក។

មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័តមានក្រោយបញ្ចប់កិច្ចប្រជុំបិទទ្វាររវាងក្រុមការងារបច្ចេកទេសត្រីភាគីដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៩ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ហេង សួរ បានបញ្ជាក់ថា តាមរយៈតួលេខរបស់ភាគីសហជីព និងភាគីនិយោជកឃើញថា កាន់តែកៀកគ្នាហើយបើធៀបការចចារប្រាក់ឈ្នួលលើកទី២ ដែលមានលក្ខណៈល្អប្រសើរជាងមុន។ លោកបានបន្តថា ជាការរំពឹងទុកសម្រាប់កិច្ចប្រជុំថ្ងៃខាងមុខ តួលេខនឹងខិតជិតគ្នាបន្ថែមទៀត មុននឹងយកទៅពិភាក្សាបន្តនៅដើមខែតុលាខាងមុខ មុននឹងឈានទៅដល់ការប្រជុំសម្រេចរបស់ថ្នាក់លើ។

ទាក់ទងនឹងការតម្លើងតួលេខប្រាក់ឈ្នួលកើនតែមួយដុល្លាររបស់ភាគីនិយោជក លោក កាំង ម៉ូនីកា ដែលតំណាងឲ្យភាគីនិយោជកនេះបានបញ្ជាក់ថា ក្នុងមូលហេតុដែលត្រូវប្រៀបធៀបការងារ ក៏ដូចជាផលិតភាពរបស់កម្មករនិយោជិតជាមួយដៃគូប្រកួតប្រជែងដូចជាប្រទេសវៀតណាមជាដើម។

ដោយឡែក លោក ហ្វា សាលី តំណាងឲ្យភាគីកម្មករនិយោជិត បានឲ្យដឹងថា មូលហេតុនៃការទម្លាក់តួរលេខពី១៩២ មកត្រឹម១៨៩ដុល្លារ ដោយសារមើលឃើញថា ទោះបីជានិយោជកតម្លើងថ្លៃតែមួយដុល្លារមែន ប៉ុន្តែបើធៀបនិងការផ្តល់ជូនដល់កម្មករនិយោជិតគឺច្រើន ដែលមានចំនូនសរុបដល់ជាង៧០ម៉ឺននាក់ឯណោះក្នុងរយះពេលពេញមួយឆ្នាំ គឺ១២ខែ។ ទោះយ៉ាងនេះក្តី លោកតំណាងភាគីសហជីពបានអះអាងថា ចំពោះតួរលេខចំនួន១៨៩ដុល្លារ ក៏ស្ថិតក្នុងការចចារបន្តទៀតផងដែរ ប្រសិនបើភាគីនិយោជកអាចតម្លើងតួរលេខជាងពេលនេះ៕ស តារា


ចែករំលែក៖