គេរាយការណ៍ថា សកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មួយផ្នែកក្នុងខេត្តពោធិ៍សាត់ និងមួយផ្នែកក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងកើតមានយ៉ាងពេញបន្ទុកដដែល ។ មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់នៅតែជាជនឈរជួរមុខក្នុងការប្រមូលផលប្រយោជន៍ពីបទល្មើសព្រៃឈើនោះ ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បន្តស្ងាត់ស្ងៀមជាមួយមន្ត្រីក្រោមឱវាទនៅឯខេត្តពោធិ៍សាត់នោះដែរ ។
ប្រភពបានរាយការណ៍ថា ឈ្មួញរកស៊ីឈើ ហ៊ានដេញថ្លៃច្រកដឹកឈើចេញ ជាមួយមន្ត្រីបរិស្ថានក្នុងតម្លៃរាប់ម៉ឺនដុល្លារ។ ច្រកអូរត្រាវ គឺជាច្រកសំខាន់សម្រាប់ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៃខេត្តពោធិ៍សាត់ ចូលមកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ប្រភពបានឲ្យដឹងថា ពួកឈ្មួញបានចំណាយប្រាក់ឲ្យប្រជាពលរដ្ឋចូលកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកចេញតាមច្រកអូរត្រាវយ៉ាងស្ងាត់ស្ងៀមជារៀងរាល់ថ្ងៃ ។ ឈ្មួញល្បីឈ្មោះ ណុប ឌី នៅតែឈរជួរមុខក្នុងការរកស៊ីឈើ ដែលត្រូវដឹកចេញពីភ្នំឱរ៉ាល់ ឆ្លងកាត់ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, កំពតចេញទៅប្រទេសវៀតណាម ។
នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក៏ដូចជាមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ធ្វើមិនដឹងមិនឮ ដោយសារតែទទួលបានផលប្រយោជន៍ពីពួកឈ្មួញទាំងនោះ ។ មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ក៏ដូចជាខេត្តកំពង់ស្ពឺ មិនដែលបង្ក្រាបបទល្មើសព្រៃឈើម្តងណាទេ ។ ផ្ទុយទៅវិញ ឃើញតែមន្ត្រីកងរាជអាវុធហត្ថប៉ុណ្ណោះ ដែលចុះធ្វើកិច្ចការនេះជំនួសមន្ត្រីរដ្ឋបាលព្រៃឈើ និងបរិស្ថាន ។ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ត្រូវគេរាយការណ៍ថា បានដាក់កម្លាំងនៅក្នុងដែនជម្រកសត្វចាំយកប្រាក់ពីឈ្មួញដឹកជញ្ជូនឈើ ។
គេមិនដែលឃើញក្រសួងបរិស្ថានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតមានគគ្រឹកគគ្រេងក្នុងដែនជម្រកសត្វភ្នំឱរ៉ាល់នោះឡើយ ។ ភាពស្ងាត់ស្ងៀមនេះ នាំឲ្យប្រជាពលរដ្ឋមានមន្ទីលថា ថ្នាក់ដឹកនាំក្រសួងទទួលបានផលប្រយោជន៍បន្តពីថ្នាក់ដឹកនាំខេត្ត និងជួនកាលដោយផ្ទាល់ពីពួកឈ្មួញរកស៊ីឈើ ។ ពីព្រោះភាពស្ងាត់ស្ងៀមមិនចេញធ្វើសកម្មភាពបង្ក្រាប ឬផ្តេកផ្តួលជាមួយមន្ត្រីថ្នាក់ខេត្ត ញាំងឲ្យមានមន្ទីលសង្ស័យទាំងនោះ ។ មិនតែប៉ុណ្ណោះ ក៏គេមិនដែលឃើញក្រសួងបរិស្ថានចាត់វិធានការលើមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសនេះដែរ ៕