ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់រងរបួសបាក់ជើងម្ខាង និង ម៉ូតូប៉ើងធ្លាក់ចូលស្នាមភ្លោះ បន្ទាប់ពីឡិចស៊ីសRX300 មួយគ្រឿង បានបុកម៉ូតូ ក្នុងពេលបើកឆ្លងផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោជិត១០ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកចូល អញ្ចាញរូង ស្ថិតឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ យី ហុន ភេប្រុស អាយុ៤៩ឆ្នាំជិះ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១E-១១៣៨ បានធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ ២AV-៩៤២៦ ធ្វើដំណើរពីត្បូងទៅជើង នៅពេលនោះ ដោយសារតែម៉ូតូ ឆ្លងទៅហើយបត់មកវិញ ក៏ត្រូវរថយន្តបុកតែម្តងបណ្តាល ឲ្យជនរងគ្រោះប៉ើងខ្ទាតចេញពីម៉ូតូ រងរបួសបាក់ជើងតែម្តង ដោយឡែកម៉ូតូប៉ើងចូលស្នាមភ្លោះ ក្រោយ ពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ដោយឡែកមធ្យោបាយបង្ក យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ដើម្បីរង់ចាំដោះដ្រាយតាមនីតិវិធី ៕ ចន្ថា