ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រជុំផ្សព្វផ្សាយប្រសាសន៍១៩ចំណុចរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ០០នាទី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រជុំផ្សព្វផ្សាយប្រសាសន៍ទាំង ១៩ចំណុច របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រកាសផ្ទេរតំណែងនាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថ ចំនួន ១៣៩នាក់ ។

ខ្លឹមសារទាំង ១៩ចំណុច រួមមាន ៖ ១-ការងារចាត់តាំង ២-ការងារកសាងអង្គភាព ៣-ការងារអប់រំ ហ្វឹកហ្វឺន និងបណ្តុះបណ្តាល ៤-ការងារប្រតិបត្តិការ ៥-ការងារគ្រប់គ្រងត្រាសិទិ្ធ និងត្រាឈ្មោះរបស់មេបញ្ជាការ ៦-ការទទួលខុសត្រូវបោះពុម្ភ និងផលិតឯកសារ ៧-ការងារគ្រប់គ្រង និងចាត់ចែងលិខិតស្នាមចេញ-ចូល ៨-ការងាររៀបចំសណ្តាប់ធ្នាប់ផ្ទៃក្នុង ៩-ត្រួតពិនិត្យពេលវេលាធ្វើការងារ និងការគ្រងឯកសណ្ឋាន ១០-ការងារផ្គត់ផ្គង់ជីវភាព ១១-ការងារហិរញ្ញវត្ថុ ១២-ការងារប្រើប្រាស់ទឹកភ្លើង ១៣-ការងារគ្រប់គ្រងអចលនទ្រព្យ ១៤-ការងារគ្រប់គ្រងមធ្យោបាយ សម្ភារៈ បរិក្ខា ១៥-ការងារគ្រប់គ្រងអាវុធ គ្រាប់រំសេវ ១៦-ការងាររៀបចំខ្លឹមសារសុន្ទរកថាផ្សេងៗ ១៧-ការងារចាត់ចែងវត្ថុអនុស្សាវរីយ៍ ១៨-ការងារថតរូប វីដេអូ រក្សាទុកជាឯកសារ ១៩-ការងារចាត់ចែងលិខិតអញ្ជើញផ្សេងៗ ។

ក្រោយពីផ្សព្វផ្សាយខ្លឺមសារទាំង ១៩ចំណុច ខាងលើ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់បន្ថែមថា ៖ គ្រប់បណ្តាមូលដ្ឋានស្រុក/ក្រុង និងស្នាក់ការសន្តិសុខ ការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវតួនាទី-ភារកិច្ច និងបទបញ្ញត្តិផ្សេងៗ ដែលថ្នាក់លើបានដាក់ចុះ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទអោយបានដាច់ខាត គោរពច្បាប់ចរាចរ និងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវធ្វើខ្លួនអោយសមស្របជាមន្ត្រីអនុវត្តន៍ច្បាប់ និង ហាមដាច់ខាតមិនអោយមានពាក់ព័ន្ធ នឹងបទល្មើសផ្សេងៗ ផងដែរ ៕


ចែករំលែក៖