ព័ត៌មានទាន់ហេតុការណ៍៖

បុរសលក់គុយទាវម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយជំងឺខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាខ្មែកម្ពុជាក្រោមម្នាក់ ទំនងជាខ្យល់គរ បានស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួន បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកជិតខាង រាយការណ៍មកសមត្ថកិច្ចភ្លាមៗមកពិនិត្យសាកសព ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅមណ្ឌលកំសាន្តបាវិត បន្ទប់លេខ k០១ ភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលទំនងស្លាប់ដោយខ្យល់គរមាន ឈ្មោះ យ៉ាន់ លិន អាយុ ២៤ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរលក់គុយទាវ មានទីលំនៅភូមិយិនថាន់ ស្រុកហុងយាន់ ខេត្តបាក់លាវ ប្រទេសវៀតណាម ។

ប្រភពបន្តថា ក្រោយពីទទូលបានព័ត៌មានភ្លាមសមត្ថកិច្ចក្រុង ក៏ដូចជានគរបាលជំនាញ និងគ្រូពេទ្យចុះទៅដល់បន្ទប់សាកសពដើម្បីពិនិត្យ ។

ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យឃើញថាសាកសពខាងលើស្លាប់ដោយសាជំងឺថប់ដង្ហើម(ខ្យល់គរ) ពិតប្រាកដមែន ព្រោះមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចក្រុងបាវិតធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ៕ យឹមសុថាន


ចែករំលែក៖