ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ និងអុស បានរាយការណ៍ថា កុងត្រុលជជុះនៅលើកំណាត់ផ្លូវលេខ៥៥ ស្ថិតក្នុងចំណុចដំណាក់កន្សែង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឡើងថ្លៃសេវា ស្ទើរគុណនឹងទ្វេដង ។ យ៉ាងណាក៏ដោយ ក្រុមអ្នករកស៊ីល្មើស នៅតែចំណាយប្រាក់ឲ្យក្រុមកុងត្រុលទាំងនោះ ពីព្រោះបើមិនបង់ប្រាក់ឲ្យពួកគេទេ ប្រាកដជាត្រូវចាប់ផ្អើលទឹកផ្អើលដីមិនខានឡើយ ។
ប្រភពបានរាយការណ៍ថា ក្រុមកុងត្រុលចម្រុះរបស់ខេត្តពោធិ៍សាត់បានដាក់ប្រចាំការនៅលើកំណាត់ផ្លូវលេខ៥៥ ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាយូរណាស់មកហើយ ។ នៅលើកំណាត់ផ្លូវនេះ ចរាចរណ៍ឈើបានកើតឡើងស្ទើរតែចៀសគ្នាមិនរួច ។ វាក្លាយទៅជាបញ្ហាថ្មីចំពោះការកកស្ទះចរាចរណ៍នៅផ្លូវជនបទ ដោយសារតែរថយន្ត ក៏ដូចជាយានយន្តកែច្នៃច្រើនប្រភេទ ណែនណាន់តាន់តាប់លើដងផ្លូវនេះ ។ រថយន្តដឹកឈើ និងរថយន្តដឹកអុសធ្វើសកម្មភាពជាចំហរ ដោយគ្រាន់តែបង់ប្រាក់ឲ្យមន្ត្រី ដែលប្រចាំការនៅចំណុចខាងលើជាការស្រេច ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពនៃការទារប្រាក់នៃក្រុមមន្ត្រីប្រចាំការនៅកុងត្រុលខាងលើ បានឡើងថ្លៃគួរឲ្យចាប់អារម្មណ៍ ។ រថយន្តដឹកអុសមួយគ្រឿង ត្រូវបានក្រុមមន្ត្រីប្រចាំការនៅកុងត្រុលខាងលើ ទារលុយរហូតដល់២លានរៀល ឬយ៉ាងហោចណាស់ក៏បាន៨០ម៉ឺនរៀលដែរ ។ ប្រភពបានអះអាងថា គ្រាមុន ក្រុមមន្ត្រីកុងត្រុលខាងលើទារប្រាក់ពីរថយន្តដឹកអុសត្រឹមតែ៥០ម៉ឺនឬ៦០ម៉ឺនរៀលប៉ុណ្ណោះ ។ ឥឡូវនេះ ពួកគេទារលុយពីការដឹកជញ្ជូន កើនឡើងគួរឲ្យកត់សម្គាល់ ។
អាជ្ញាធរខេត្តពោធិ៍សាត់ហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះបញ្ហាដែលកំពុងកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥៥នោះឡើយ ។ អ្នកភូមិនៅក្បែរនោះនិយាយថា ក្រុមន្ត្រីចម្រុះដែលប្រចាំការនៅទីកន្លែងទារប្រាក់ អះអាងប្រាប់អ្នកភូមិថា ពួកគេ ជាមន្ត្រីមកពីថ្នាក់ខេត្ត ។ ការដែលពួកគេអះអាងថាជាមន្ត្រីថ្នាក់ខេត្ត គឺដើម្បីងាយស្រួលទារប្រាក់ពីអ្នកដឹកជញ្ជូនបទល្មើសបានតម្លៃខ្ពស់ ។ ត្រង់និយាយថា ពួកគេជាមន្ត្រីថ្នាក់ខេត្ត ដូច្នេះមិនអាចយកលុយបន្តិចបន្តួច និងកំប៉ិកកំប៉ុកបានទេ ។ ដូច្នេះហើយ បានជាមួយរយៈពេលចុងក្រោយនេះ មានការចាប់អារម្មណ៍ថា កុងត្រូលនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង បានទារថ្លៃសេវាលើសមុនទេ្វដង ។ គេមិនដឹងថា តើនោះជាបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្ត ឬយ៉ាងណានោះទេ ៕