ខេត្តកណ្ដាលៈ ស្រ្ដីចំណាស់ម្នាក់មានជំងឺសសៃប្រសាទបានដើរបាត់ពីផ្ទះដោយពុំដឹងថា ទៅទីណានោះទេ លុះ៧ថ្ងៃក្រោយមក ត្រូវបានប្រទះឃើញអណ្ដែតទឹកក្នុងបឹងមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គន ស្រ៊ន ភេទស្រី អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ (ជាមនុស្សមានជំងឺសសៃប្រសាទ) មានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ គន ស្រ៊ុន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាប្អូនស្រ្ដីរងគ្រោះបានឲ្យដឹងថា កន្លងមក ស្រ្ដីរងគ្រោះមានជំងឺសសៃប្រសាទអស់រយៈពេលជាយូរឆ្នាំមកហើយ ហើយបងស្រី(ស្រ្ដីរងគ្រោះ) តែងតែដើរចេញពីផ្ទះជារៀងរាល់ថ្ងៃ រហូតដល់យប់ទើបឡប់មកផ្ទះវិញ ជួនកាលថ្ងៃខ្លះដើរបាត់ពីរទៅបីថ្ងៃក៏មាន ។
លុះមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រ្ដីរងគ្រោះបានដើររចេញពីផ្ទះបាត់ពីផ្ទះដោយពុំដឹងថា ទៅណានោះមិន ចំណែកឯបងប្អូនសាច់ញាតិ ក៏បានចាត់ចែងដើររកស្រ្ដីរងគ្រោះគ្រប់ទីកន្លែង តែរកមិនឃើញនោះទេ លុះ៧ថ្ងៃក្រោយមក រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៣នាទី ទើបគាត់ជាប្អូនជនរងគ្រោះទទួលបានព័ត៌មាន ពីសមត្ថកិច្ចនគរបាលថាៈ មានសាកសពអណ្តែតទឹកនៅក្នុងទឹកបឹងខាងជើងវត្តទួលព្រះរាជា ស្ថិតក្នុងឃុំពោធិបាន ទើបគាត់ចាត់ចែងឲ្យកូន ក្មួយទៅមើល ស្រាប់តែស្រ្ដីរងគ្រោះគឺត្រូវជាបងស្រីបង្កើតរបស់គាត់ពិតប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យ រួចបញ្ជាក់ថា ស្រ្ដីសង្ស័យពីតជាស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ