ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវស្ទើរភ្លើង៤នាក់ ស្ទាក់វៃជនរងគ្រោះម្នាក់រងរបួសធ្ងន់ ចុងក្រោយជាខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ធំ៖ អំពើហិង្សាដោយចេតនាបង្កឡើង ដោយជនល្មើស៤នាក់ ប្រើដំបងវៃបុរសម្នាក់ស្ទើរស្លាប់ ស្ទើររស់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១៣ និង០០នាទី ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះ បង្កឡើងដោយ ១- ឈ្មោះអាំ សុខអ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ(ដៃដល់)។ ២- ឈ្មោះហ៊ីម ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ(ដៃដល់) ៣- ឈ្មោះរិន គឹមសាន ភេទប្រុស អាយុ២៩ឆ្នាំ ៤ – ឈ្មោះស៊ុន ធៀក ភេទប្រុស អាយុ៤០ឆ្នាំ ទាំង០៤នាក់ខាងលើ រស់នៅភូមិទួលចារ ឃុំ គោល ស្រុកប្រាសាទសំបូរ ជិះម៉ូតូ២គ្រឿង ម៉ាកវេវ ពណ៌ក្រហម១គ្រឿង និងពណ៌ខ្មៅ១គ្រឿង កាន់ដំបងឈើមូលគ្រប់ដៃ ជិះតាមពីក្រោយម៉ូតូហុងដាសេ 125 របស់ឈ្មោះ យ៉េង យ៉ិន ភេទប្រុស ជិះឌុប ឈ្មោះខីម ណារិន ( ហៅកុត) ភេទប្រុស និងឈ្មោះលន វៀត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ មកដល់មុខវត្តជាំបឹង ជនសង្ស័យទាំង៤នាក់ ខាងលើជិះម៉ូតូ ជែងម៉ូតូជនរងគ្រោះហើយវាយពីក្រោយត្រូវឈ្មោះ លន វៀត បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ ទើបពួកជនសង្ស័យទាំង៤ខាងលើ យកដំបងឈើមូលវៃឈ្មោះលន វៀត ថែមត្រូវចំចិញ្ចើមខាងឆ្វេង ខ្នង និងខ្ទង់ច្រមុះបណ្ដាលឲ្យរងរបួសជាទម្ងន់យកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

សមត្ថកិច្ចបានបន្ដថា ក្រោយទទួលព័ត៌មានភ្លាមៗនោះកម្លាំងសមត្ថកិច្ចអន្តរាគមន៍ជាបន្ទាន់ បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ខាងលើមកអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖