ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សិត្យា បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួនជាច្រើននាក់ និងទូហ្គេមជាច្រើនគ្រឿងផងដែរ ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងបានឆ្មក់បង្ក្រាបទីតាំងបញ្ហាខាងលើនេះ គឺលោកបានឲ្យកម្លាំងការតាមដានមុខសញ្ញា និងឃ្លាំមើលអស់យៈពេលជិតបីខែមកហើយ បន្ទាប់ពីទទួលបានតម្រុយច្បាស់ការនោះ លោកបានបើកប្រតិបត្តិការដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៨នាក់ និងដកហូតទូហ្គេមបានសរុប១០គ្រឿង ក្នុងនោះមានទូហ្គេមបាញ់ត្រី ចំនួន ៥គ្រឿង និងទូហ្គេមបៀរ ចំនួន ៥គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងទូហ្គេមខាងលើត្រូវបានឃាត់ខ្លួននិងយកទៅ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ៕ ភារ៉ា ដង្កោ