ភ្នំពេញ៖ ពិតជាគួរឲ្យអាសូរខ្លាំងណាស់ ខណៈដែរឃើញស្ត្រីម្នាក់ពរកូនតូច ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារបុរសម្នាក់ ជានាយទាហានស័ក្តិ២ បានស្លាប់នៅកណ្ដាលផ្លូវ នៅវេលាម៉ោង០៩ និង១០យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវទំនប់ចិត្តសិប (២៧៣) ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ក្រោយពីជនរងគ្រោះជិះម៉ូតូ PCX មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង ។
ជនរងគ្រោះឈ្មោះ សុវណ្ណ ច័ន្ទតុលា មុខរបរជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឋានន្តរសក្ដិអនុសេនីយ៍ទោ អត្តលេខ 165777 មានប្រពន្ធ មិនស្គាល់ឈ្មោះ និងកូនប្រុសម្នាក់ អាយុប្រហែល៣ខួប។
តាមប្រភពព័ត៌មានពីអ៊ុំប្រុសម្នាក់នៅទល់មុខកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ PCX ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1CJ-1780 តាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ព្រមទាំងមិនឃើញពាក់មួកសុវត្ថិភាព លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រូងផ្លូវពេញទំហឹង ភ្លាមៗនោះគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន បានមកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមតាំងពីកើតហេតុមកម៉្លេះ ហើយរថយន្តសង្គ្រោះបន្ទាន់ដឹកត្រឡប់មកវិញ ។
ក្រោយពេលកើតហេតុ សាច់ញាតិនិងក្រុមគ្រួសាររួមទាំងប្រពន្ធកូនជនរងគ្រោះបានមកដល់កន្លែងកើតហេតុ បានស្រែកទ្រហ៊ោយំស្រណោះអាឡោះអាល័យ ខណៈដែលបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរខាងលើនេះ ក្រោយមកសពជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ