ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ខណៈកំពុងធ្វើចរាចរណ៍សម្រួលដល់ប្រជាពលរដ្ឋស្រាប់តែងងឹតមុខដួលដាច់សសៃឈាម ស្លាប់គួរឲ្យអាណោចអាធ័ម ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ដែលស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលដែលបានស្លាប់ខាងលើមានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោឈ្មោះ នៅ បូរិន អាយុ៥០ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលទទួល បន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយសារតែចរាចរណ៍មានការកកស្ទះទើបកម្លាំងនគរបាលរដ្ឋបាលកាកាបទី១ បានចុះសម្រួលកុំឲ្យស្ទះ ខណៈជនរងគ្រោះកំពុងធ្វើចរាចរណ៍ ក៏បានងងឹតមុខហើយបានដួលបណ្តាលឲ្យដាច់សសៃឈាមស្លាប់តែម្តង ។
គ្រោះឧបទ្ទវហេតុនេះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងកងកម្លាំងនគរបាលទាំងអស់ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សម្តែងនូវការសោកស្តាយអាឡោះអាល័យ ដោយចងចាំមិនភ្លេចនូវវីរភាព និងស្នាដៃរបស់លោកកន្លងមក ក្នុងការបំពេញភារកិច្ច ការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងជូនជាតិមាតុភូមិ ។
សពរបស់លោកត្រូវបានយកមកធ្វើបុណ្យ នៅគេហដ្ឋានរបស់សពផ្ទាល់ ដែលស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ