ភ្នំពេញ៖ ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើល ផ្លូវមួយខ្សែនៅក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ កំពុងត្រូវបានបំផ្លាញ ពីសំណាក់ក្រុមរថយន្តដឹកខ្សាច់ ដឹកដី ធ្ងន់ៗ បើកឆ្លងកាត់ ក្លាយទៅផ្លូវទឹកល្បាប់ ភក់ បាត់ទៅហើយ អាជ្ញាធរ បាំងដៃ បិទភ្នែក បណ្តោយឲ្យបើកឆ្លងកាត់យ៉ាងសប្បាយចិត្ត ។
តាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ឃើញថា គ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ រីកចំរើនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ថ្វីដ្បិតតែមិនបានលឿនតាមតម្រូវចិត្តរបស់ពលរដ្ឋពិតមែន ប៉ុន្តែសម្តេចធ្លាប់មានប្រសាសន៍ហើយថា ការអភិវឌ្ឍ ជាជំហានគីង្គក់ ពលរដ្ឋ ក៏ទទួលយកបាន គាំទ្រប្រសាសន៍របស់សម្តេច ផ្លូវថ្នល់ តាមមូលដ្ឋាន បានសាងសង់ ប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង ខ្វាត់ខ្វែង ដើម្បីពលរដ្ឋងាយស្រួល ធ្វើដំណើរ ប៉ុន្តែអ្វីដែលហួសចិត្តនិយាយលែងចេញ ដោយសារការសោកស្តាយ ដូចផ្លូវក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ក្រោយពីការខិតខំរបស់សាលារាជធានីភ្នំពេញ ក្រោមមូលនិធិអភិវឌ្ឍន៍មូលដ្ឋានរួច ហើយត្រូវបានបំផ្លាញចោលទៅវិញ ពីសំណាក់ក្រុមរថយន្តដឹកខ្សាច់ ដី ធ្ងន់ៗ បើកឆ្លងកាត់ ឲ្យក្លាយទៅជាផ្លូវទឹកល្បាប់ ភក់ បាត់ទៅហើយ ។
ពលរដ្ឋបន្តទៀតថា ដោយសារក្រុមរថយន្តដឹកល្មើសច្បាប់ទាំងនោះ បើកគេចពីការត្រួតពិនិត្យ របស់សមត្ថកិច្ចជំនាញ ទើបមកបើកកាត់ផ្លូវក្នុងភូមិរបស់ពួកគាត់ បង្កឲ្យរងខូចខ្ទេច រលួយចេញទឹក ចំណែកអាជ្ញាធរធ្វើជាមិនដឹង ។
ដោយទង្វើបំផ្លាញសមិទ្ធលជាតិ ពីសំណាក់ក្រុមប្រយោជន៍បុគ្គលទាំងនោះ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យ និងចាត់វិធានការ រឹតបន្តឹងលើ ការដឹកជញ្ជូន ដី ខ្សាច់ ថ្ម ចូលក្រុង ល្មើសច្បាប់ ដែលបង្កផលប៉ះពាល់ ឲ្យខាតបង់ប្រយោជន៍ជាតិផង ៕ ជ្រោយពេជ្រ