ប៉ោយប៉ែត: តាយាយប្ដីប្រពន្ធជិះម៉ូតូដឹកចៅទៅទិញថ្នាំ ត្រូវរថយន្តដឹកទឹកកកមួយគ្រឿង សញ្ញាសេះហោះ បុកស្លាប់កាលពីវេលាម៉ោង៦ និង៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើដងផ្លូវជាតិលេខ258D ចំណុច99 ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះ ដែលរថយន្តបុកស្លាប់ឈ្មោះ សៀកសេ ភេទប្រុស អាយុ 57ឆ្នាំ ប្រពន្ធឈ្មោះ ចៀប ឡេង អាយុ 65ឆ្នាំ ចៅស្រីដែលរួចជីវិត ឈ្មោះ ម៉ី លីឌៀ អាយុ៨ខែ ។ ជនរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
អ្នក ស្រុកនិយាយថា មុនពេលកើតហេតុជនរងគ្រោះជាប្តីបានបើកបរម៉ូតូម៉ាក សង់សេ125ពណ៌ខ្មៅ ស៊េរីឆ្នាំ2003 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1H.3170 ដឹកប្រពន្ធ និងចៅទៅរកទិញថ្នាំពេទ្យ នៅផ្សារអូរបីជាន់ឲ្យចៅលេប ប៉ុន្តែជាអកុសល់ជិះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកទឹកកកមួយគ្រឿង សញ្ញាសេះហោះពាក់ស្លាកលេខបន្ទាយមានជ័យ 3A.0736 បើកបរស្របទិសពីត្បូងទៅជើង បុកពីក្រោយបណ្តាលឲ្យជនរងគ្រោះ តា និងយាយស្លាប់នៅ នឹងកន្លែង(យាយដាច់ជា2កំណាត់.) តែអ្វីដែលគួរឲ្យសង្វែគនោះអ្នក ស្រុកលើកឡើងថា ឃើញក្មេងស្រីអាយុ៨ខែជាចៅដេកឱបលើទ្រូងជីដូន ដែលស្លាប់ និងត្រឹមតែរងរបួសជើងតិចតួចប៉ុណ្ណោះ ។
ក្រោយកើតហេតុរថយន្តបង្ករខាងលើបានបើករត់ទៅទិសខាងជើង គ្រា ដែលសមត្ថកិច្ចតាមប្រមាញដេញចាប់ដល់ចំណុចភូមិចំការគរ ឃុំស្វាយចេក ទើបរថយន្តត្រូវតៃចតចោល ហើយរត់គេចខ្លួនបាត់ ត្រូវសមត្ថកិច្ចតាមរកឃើញ និងកំពុងនាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅដើម្បីបន្តនីតិវិធី ។
ចំណែកសពរងគ្រោះត្រូវបានសាច់ញាតិនាំយកទៅតម្កល់នៅវត្តសាមគ្គីវ័ន្ត ហៅស្នួលត្រេត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា