ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមឃុំខ្លួនជនបង្កហិង្សាវាយមិត្តភក្តិពេលផឹកទឹកត្នោតជូរ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោក សាយ សម្ជស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនដៃដល់វាយមិត្តភក្តិខ្លួនឯង ឲ្យបែកក្បាលពេលផឹកទឹកត្នោតជូរបង្កជាជម្លោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ហិង្សាដោយចេតនា” ដែលប្រព្រឹត្តនៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទមានឈ្មោះខុម សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះថូ លីហួរ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មុនពេលកើហេតុ ជនរងគ្រោះ និងជនល្មើសព្រមទាំងមិត្តភ័ក្រពីរនាក់ទៀតបានផឹកទឹកត្នោតជូរជាមួយគ្នា លុះដល់វេលាកើតហេតុខាងលើ ក៏មានទំនាស់ពាក្យសំដីគ្នា ភ្លាមនោះជនល្មើសក៏បានស្ទុះទៅយកដំបងឈើមូលនៅក្បែរនោះវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសរយះក្បាល និងហើមចង្កេះខាងឆ្វេង ត្រូវបានបងប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ចំនែឯជនល្មើសត្រូវបាសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖