ព័ត៌មានទាន់ហេតុការណ៍៖

ដាំបាយឆ្លៀតទៅអង្គុយលេងផ្ទះអ្នកដទៃ ចៃដន្យផ្ទុះកំប៉ុងហ្គាសភ្លើងឆេះម៉ត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋមួយខ្នង មានទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ត្រូវអគ្គិភ័យលេបត្របាក់ឆេះម៉ត់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈម្ចាស់ផ្ទះជាប់រវល់ចេញទៅក្រៅផ្ទះ ភ្លេចថាដាំបាយ ចៃដន្យផ្ទុះកំប៉ុងហ្គាស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សេក សាភឿន ភេទស្រី អាយុ៥២ ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ប្រភពបន្តថាផ្ទះ ដែលរងការឆាបឆេះនេះមានទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ដំបូលប្រកស័ង្កសី ជញ្ជាំងស្លឹកត្នោត សសរកូនឈើ​ ។

បើតាមស្ត្រីឈ្មោះ សេក សាភឿន បានរៀបរាប់ទាំងទឹកភ្នែកថា កំហុសមកពីគាត់មានការធ្វេសប្រហែសតែមួយប៉ព្រិចភ្នែក ខណៈដាំបាយហើយឆ្លៀតទៅលេងផ្ទះក្បែរគ្នា ប្រមាណជាកន្លះម៉ោង ស្រាប់តែផ្ទុះកំប៉ុងហ្គាសភ្លើងឆាបឆេះចេញពីផ្ទះបាយឡើងពេញក្រមុំ ទើបបង្កការភ្ញាក់ផ្អើលហៅអ្នកភូមិជួយនាំគ្នាពន្លត់ ប៉ុន្តែអកុសលយឹតពេលទៅហើយ បានត្រឹមឈរមើលតែប៉ុណ្ណោះ ។

ប្រភពបន្តថា ចំពោះសម្ភាររួមមាន ៖ អង្ករ​ចំនួន៦តៅ សៀវភៅគ្រួ​សារមួយក្បាល សៀវភៅស្នាក់នៅមួយក្បាល សំបុត្រកំណើត៤នាក់ អត្តសញ្ញាណបណ្ណ័​ពីរសន្លឹក ប្លង់ដីពីរប្លង់​ បណ្ណ័ក្រីក្រមួយសន្លឹក លុយ៥០០០០០រៀល និងកាត ប.ស.ស មួយសន្លឹក សំលៀកបំពាក់ និងមុងភួយ និង សម្ភារជាងដែកកំពុងសង់ផ្ទះថ្មី១ចំនួនផងដែរ៕ យឹម សុថាន


ចែករំលែក៖