ភ្នំពេញ៖ រថយន្តតូយ៉ូតា COROLA មួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងសភាពស្រវឹងស្រាជោកជាំយ៉ាងលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀងរលឹម ស្រិចៗ ក៏ជ្រុលចង្កូតទៅបុកចូលផ្ទះលក់ចាប់ហួយ ទាំងកំរោលបណ្ដាលឲ្យបាក់សសរផ្ទះអស់មួយដើម ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ជិតផ្លូវបេតុងបត់ចូលផ្សារចាក់អង្រែ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណ:ដែលមេឃកំពុងតែភ្លៀងរលឹម ស្រិចៗ គេឃើញផ្ទះលក់ចាប់ហួយកើតហេតុខាងលើ កំពុងតែរើអីវ៉ាន់ទុកដាក់ ដើម្បីរៀបចំ តុមកដាក់សែនព្រះខែ ស្រាប់តែពេលនោះ មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាCOROLA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9807 បើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹង រួមដំណើរដោយមនុស្ស២នាក់ ក្មេងតូចម្នាក់ និងបុរសមាឌធំម្នាក់ ត្រលប់មកពីជប់ជុំបងប្អូននៅខេត្តស្វាយរៀង ។ លុះដល់ចំណុចកើតហេតុ ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន តែអ្នកបើកបរងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកចូលផ្ទះលក់ចាប់ហួយនោះ បណ្ដាលឲ្យ បាក់ សសរផ្ទះអស់មួយដើម ចំណែករថយន្តបង្កកល់ជាប់កង់ឆ្វេងខាងក្រោយ បើកទៅមុខលែងរួច ហើយមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ក្នុងហេតុការណ៍នោះដែរ ម្ចាស់ផ្ទះរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ តែម្ចាស់រថយន្តបង្កបានសុំដោះស្រាយ ដោយព្រមសងការខូចខាតចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង និងហៅបងប្អូនប្រជាពលរដ្ឋជួយលើក រំកិលរថយន្តដែលជាប់កង់ម្ខាងឲ្យឡើងមកលើថ្នល់វិញផងដែរ ។
ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្ត បានអរគុណបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលបានជួយសម្រួលចរាចរណ៍និងជួយលើករំកិលរថយន្តគាត់ឡើងវិញ ៕ស តារា