ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានជំរុញដល់គ្រប់នាយកដ្ឋាន និងស្នងការរាជធានី-ខេត្តទាំងអស់ត្រូវពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់បន្ថែមទៀតក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ជាពិសេសនៅតាមវត្តអារ៉ាមតែម្តង ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយប្រកាសឲ្យចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិថ្មីចំនួន៣រូបនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ និងប្រកាសតែងតាំងអគ្គស្នងការរងនគរបាលនោះ លោកនាយឧត្តមសេនីយ៍នេត សាវឿន បានណែនាំដល់គ្រប់នាយកដ្ឋាន និងស្នងការរាជធានីទាំងត្រូវពង្រឹងសន្តិសុខជូនដល់ប្រជាពលរដ្ឋ និងសង្គមបន្ថែមទៀតមិនថាយប់ ឬថ្ងៃនោះឡើយ ។
លោក ឆាយ គឹមខឿនបានថ្លែងទៀតថា «ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យដាក់ពង្រាយកម្លាំងតាមផ្លូវ និងតាមភូមិទាំងអស់ដើម្បីការពារសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល មិនថា នៅរាជធានី ឬខេត្តនោះឡើយ ហើយគ្រប់ស្នងការត្រូវណែនាំដល់កូនចៅរបស់ខ្លួន ឲ្យប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈជានគរបាលបម្រើប្រជាពលរដ្ឋ» ។
បើតាមឧត្តមសេនីយ៍ឯកឆាយ គឹម ឃឿន ដដែលបានបញ្ជាក់ទៀតថា នៅក្នុងកម្មវិធីនោះលោកនាយឧត្តមសេនីយ៍នេត សាវឿន ក៏បានណែនាំជាថ្មីទៀតដល់គ្រប់ស្នងការទាំងអស់ត្រូវខិតខំទប់ស្កាត់បន្ថែមទៀតរាល់បទល្មើសនានាជាពិសេសអំពើឆក់ប្លន់ ការជួយដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតជាដើម ។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍នេត សាវឿន ក៏បានណែនាំគ្រប់ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវដាក់កម្លាំងនៅតាមផ្លូវ ដើម្បីត្រួតពិនិត្យចរាចរណ៍ និងត្រួតពិនិត្យនូវរថយន្ត ដែលបានដឹកសំពីងសំពោង និងលើសចំណុះ ដែលជាកត្តាធ្វើឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងទៀតផងដែរ ។
សូមបញ្ជាក់ថា អគ្គស្នងការរងនគរបាលជាតិទាំងបីរូប ដែលទើបប្រកាសតែងតាំងថ្មីនោះ១៖ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា,២៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងទី៣៖ឧត្តមសេនីយ៍ឯក តេន សួន ៕ តាឡឹម