ខេត្តកំពង់ធំ៖ មានហេតុការណ៍មួយបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ដោយសារតែ មានស្រ្តីមានផ្ទៃពោះម្នាក់ បានសសម្រាលកូននៅតាមផ្លូវ ខណៈដែលស្វាមីរបស់គាត់កំពុងតែ ឌុបម៉ូតូទៅមណ្ឌលសុខភាព ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីវេលាម៉ោង១០និង៥០នាទី ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ។
ស្ត្រីមានផ្ទៃពោះគ្រប់ខែ មានឈ្មោះ អ៊ុ ផាន ប្ដីឈ្មោះ ភូមិ ផន រស់នៅភូមិជាំស្វាយ ឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃកើតហេតុ ប្រពន្ឋប្រាប់ប្តី ថា ឈឺពោះ រីឯប្តី ក៏ប្រញាប់ឌុបប្រពន្ឋទៅមណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ចំណុចអូរពកសាមគ្គី ឃុំមានរឹទ្ធិ ដោយសារតែផ្លូវពិបាកពេក ខ្លាចដួល ពីព្រោះផ្លូវរអិល បុរសជាប្តីក៏បានឲ្យប្រពន្ឋចុះដើរ លុះដើរបានមួយសន្ទុះតូច ក៏ឆ្លងទន្លេតាមផ្លូវតែម្តង ដោយពុំទាន់ទាំងដល់មណ្ឌលសុខភាពស្រុកសណ្ដាន់ផង ។
ប្រភព័ត៌មាន បានឲ្យដឹងថា ពេលនោះ ក៏មានអ្នកភូមិនាំគ្នារត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះ ក្នុងពេលមាន ហេតុការណ៍នេះ ភ្លាម លោក ឡង គឺសឹង អភិបាលស្រុកសណ្តាន់ បានទទួលព័ត៌មាន ក៏បានបញ្ជាឲ្យខាង មណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ យកថយន្តពេទ្យស្រុកដើម្បីជួយសង្គ្រោះ លុះរថយន្តពេទ្យមកដល់ ក៏នាំគ្នាជួយលើកដាក់លើររថយន្តយកទៅមណ្ឌលសុខភាពស្រុកសណ្ដាន់ភ្លាមៗតែម្ដង មិនមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយ និងទារក។
ក្នុងនោះប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណ លោកអភិបាលស្រុកសណ្តាន់ និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ស្វះស្វែងជួយអន្តរាគមន៍ រថយន្តសង្រ្គោះ ដឹកស្រ្តីឆ្លងទន្លេមកមណ្ឌលសុខភាព សង្គ្រោះអាយុជីវិតបានទាន់ពេលវេលាចៀសផុតពីអន្តរាយ ក្នុងនោះប្ដី និងប្រពន្ធ ដែលសម្រាលកូននៅតាមផ្លូវនោះ សូមអំពាវនាវដល់សប្បរសជនសូមជួយថវិកាដល់រូបគាត់ផងតាម រយះអាជ្ញាធរ ដោយសារតែជីវភាពរបស់គាត់ មានភាពខ្វះខាត ៕ ប៊ុនរិទ្ធី