ខេត្តពោធិ៍សាត់៖ បុរសម្នាក់ញាក់សាច់ទទ្រើកបះសក់ច្រូងតែម្ដង ខណៈទៅដេកនេសាទត្រី (រាយមង) នៅទឹកស្ទឹង ជាប់សត្វក្រពើ១ក្បាលខ្មៅគ្រាក់ ទម្ងន់ជិត២០០គីឡូក្រាម។
ហេតុការណ៍នេសាទត្រីបានសត្វក្រពើ ១ក្បាលខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹម នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងស្ទឹងមេទឹក (ដែនជម្រកសត្វព្រៃភ្នំសំកុស) ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ប្រជានេសាទត្រីបានសត្វក្រពើ ១ក្បាលនោះឈ្មោះ មឿន មីន ភេទប្រុស ហើយកាលពីល្ងាចរូបគាត់បានទៅរាយមងក្នុងទឹកស្ទឹងនៅចំណុចខាងលើ រួចក៏ទៅសម្រាកនៅផ្ទះវិញ លុះព្រឹកឡើងរូបគាត់ទៅមើលមង ក៏ប្រទះឃើញជាប់សត្វអ្វីមួយធំណាស់ ហើយបាននឹងកំពុងរើបម្រាស់ ដោយមងរុំខ្លួន វាជិត គាត់ក៏ទាញឡើងឃើញជាប់សត្វក្រពើដ៏ធំ១ក្បាលទម្ងន់ប្រមាណជាងជិត២០០គីឡូក្រាម ខណៈនោះគាត់បានរាយការណ៍ ប្រាប់សមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍លើកក្រពើ១ក្បាលនេះ ។
បច្ចុប្បន្នសត្វក្រពើនេះត្រូវបានដឹកយកមករក្សាទុក នៅទីបញ្ជាការដ្ឋានវរៈការពារព្រំដែនគោកលេខ៨២៥ រង់ចាំបញ្ជាពីថ្នាក់លើ ហើយអាចនឹងលែងចូលក្នុងទឹកស្ទឹងខាងលើនោះវិញ ព្រោះតំបន់នោះជាដែនការពារ និងអភិរក្សសត្វចំរុះផងនោះ ៕ ប៉ឹម ពិន