ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេកណ្តាលផ្លូវដោយខ្លួនឯង មានសុវត្ថិភាពទាំងម្តាយ និងកូន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់រស់នៅទីជនបទដាច់ស្រយាល់មានជីវភាពក្រីក្រ ប្តីធ្វើការងារនៅថៃ បានឈឺ ពោះឆ្លងទន្លេដោយខ្លួនឯង នៅពាក់កណ្តាលផ្លូវមានសុវត្ថិភាពទាំងម្តាយ និងកូនខណៈអ្នកភូមិ និងសមត្ថកិច្ចបានដឹកសង្រ្គោះស្រ្តីរូបនោះបញ្ជូនតាមម៉ូតូទៅកាន់ មន្ទីរពេទ្យ តែទៅមិនទាន់ដល់ក៏ឆ្លងទន្លេនៅកណ្តាលផ្លូវតែម្តង ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

​អធិការនគរបាលស្រុកកំរៀងលោក គឹម ពន្លក ប្រាប់ឲ្យដឹងថា៖ ស្រ្តីនោះមានឈ្មោះ ស៊ូ សម្បត្តិ អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំ១០០ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលស្រ្តីឈ្មោះ ស៊ូ សម្បត្តិ បានកំពុងឈឺពោះរៀបនឹងឆ្លងទន្លេ គឺប្តីរបស់នាង មិននៅផ្ទះនោះទេ ទៅធ្វើការងារកម្មករនៅប្រទេសថៃ ចំណែកសាច់ញាតិក៏គ្មាននោះដែរ ។ បន្ទាប់មក បានអ្នកភូមិ និងប្រជាការពារភូមិ អាណិត ហើយដឹកនាងតាមម៉ូតូ១គ្រឿង ចេញពីភូមិឆ្ពោះទៅកាន់មណ្ឌលសុខភាពឃុំត្រាង ដែលមានចម្ងាយជាង២០គីឡូម៉ែត្រ ។

ប្រជាការពារភូមិ និងនគរបាលប៉ុស្ថិ៍ឃុំក៏បានរាយការណ៍មកលោកនៅពេលនោះលោកក៏ឲ្យម៉ូតូកង់៣ របស់អង្គភាពទៅដឹកនាងបន្តមកកាន់មណ្ឌលសុខភាព ។ ខណៈដែលកំពុងធ្វើដំណើរនៅសល់ប្រហែល៧ទៅ៨គីឡូម៉ែត្រ ស្រាប់តែនាងឈឺពោះកាន់តែខ្លាំង ថាទ្រាំពុំបាន​ក៏សុំសម្រាក តាមផ្លូវ សមត្ថកិច្ចក៏បានក្រាលកន្ទេលឲ្យនាងដេក​ និងបានទំនាក់ទំនងគ្រូពេទ្យនៅមណ្ឌលសុខភាព ដើម្បីឲ្យមកជួយសង្រ្គោះ ។

​លោកអធិការប្រាប់ឲ្យដឹងទៀតថា គ្រូពេទ្យមកមិនទាន់ដល់ផង នាងក៏ឆ្លងទន្លេដោយខ្លួនឯងបានកូនប្រុសមួយ ។ បន្ទាប់មក គ្រូពេទ្យក៏បានមកដល់ ហើយដឹកនាង និងកូនបញ្ជូនទៅមណ្ឌលសុខភាពឃុំត្រាង ។ បច្ចុប្បន្នគាត់កំពុងសម្រាកនៅណ្ឌលសុខភាពឃុំត្រាង ទាំងម្តាយ និងកូនមានសុវត្ថិភាពនោះហើយ ៕ សំ វិច្ឆិកា


ចែករំលែក៖