ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈបើករថយន្តសុខៗ ក៏ត្រូវរថយន្តកុងតឺន័រ បើកបុករុញទៅផ្ទប់នឹងរថយន្តមួយគ្រឿងទៀត កាលពីវេលាម៉ោង ០៤ និង១០រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទុលមុខហាងនំប៉័ង ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពពត័មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តចំនួន៣គ្រឿងខាងលើ ដែលរថយន្តបើកខាងមុខគេ ជាប្រភេទរថយន្តសណ្តោងទូកុងតឺន័រ ដោយមិនបានចាំស្លាកលេខ គឺបើកក្នុងល្បឿនយឺតល្មមហើយ ខណៈនោះក៏មានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A 0544 ដែលបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ មកពីក្រោយក្នុងល្បឿនដូចគ្នា បន្ទាប់មកទៀត ក៏មានរថយន្តសណ្តោងទូកុងតឺន័រ មួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 4A 2021 ទៀត មកពីក្រោយដោយល្បឿនលឿន បណ្តាលឲ្យបុកគូទរថយន្តកូរេរុញផ្អឹបទៅនឹងរថយន្តមួយគ្រឿងទៀត បណ្តាលតៃកុងរថយន្តកូរេគៀបជាប់នឹងកាប៊ីនរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ដោយឃើញសភាពបែបនេះ រថយន្តដែលនៅខាងមុខគេមិនបាននៅនឹងកន្លែងឡើយគឺបានបើកចេញទៅបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកវាស់វែងយកយានយន្តទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ