ខេត្តស្ទឹងត្រែង៖ រថយន្តខ្នាត់យក្ស ដឹកឈើម៉ៃសាក់ ពីក្រុមហ៊ុនកែ វុទ្ធី តែសង្ស័យថា មានបង្កប់ឈើប្រណីត ទើបលោក គឹម ហ៊ុងសាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត រាយការណ៍ទៅស្នងការខេត្ត ដើម្បីយកកម្លាំងមកនាំរថយន្តទាំង៣គ្រឿងនោះ មកស្នងការដើម្បីត្រួតពិនិត្យ ឃាត់នៅចំណុចផ្លូវបំបែកចូល ឃុំអូស្វាយ ចម្ងាយជាង១០០ម៉ែត្រ ពីផ្លូវជាតិអាស៊ាន លេខ៧ ឆ្ពោះទៅប្រទេសឡាវ ជាប់និងចំការដូងប្រេងចាស់ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុង ខត្តស្ទឹងត្រែង វេលាម៉ោង១និង៣០នាទី ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ។
ប្រភពនៅនិងកន្លែងបានឲ្យដឹងថា រថយន្ត៣គ្រឿងនេះ បានផ្ទុកឈើម៉ៃសាក់យូរថ្ងៃមកហើយ ប្រហែលមួយអាទិត្យជាង ចេញ ពីក្រុមហ៊ុនកែវ វុទ្ធី មិនទាន់រួច ប្រហែលជាអត់ច្បាប់ទេដឹង ហើយដែលពីមុនក្រុមហ៊ុននេះមានច្បាប់ កាប់ឈើអស់ ដាំដំឡូងមី តែដំឡូងមី ក៏មិនឃើញដាំ ក្រោយមកដាំម៉ៃសាក់ បានរយៈពេលជាង១០ឆ្នាំ នៃអាយុកាលរបស់វា ទាំងនៅ មិនទាន់គ្រប់អាយុ ម្យ៉ាងទៀត ប្រហែលជាមានបង្កប់ឈើអ្វីផ្សេងមិនដឹង ទើបសមត្ថកិច្ចឃាត់ ហើយតៃកុងរថយន្តនោះ បាននិយាយថា ក្នុង៣គ្រឿងនោះ ១គ្រឿងយកចូលភ្នំពេញ, ២គ្រឿងទៀតយកចូលទៅវៀតណាម ។
លោកគឹម ហ៊ុងសាន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោកឡើងមកនេះ បានឮព័ត៌មានមកថា មានរថយន្តខ្នាតយក្ស ប្រភេទយីឌុប ៣គ្រឿងកំពុងផ្ទុកឈើពេញ ពេលលោកមកដល់ សួរនាំទៅគេ ថាជាឈើម៉ៃសាក់ ពេលលោកសួររកឯកសារ ក៏ពុំមាននោះដែរ ក្រោយមកលោកបានសួរទៅជំនាញរដ្ឋបាលព្រៃឈើខេត្ត ក៏ពុំមានអ្នកឆ្លើយ មានច្បាប់យកឲ្យលោកមើលដែរ សូម្បីតែលោកសួន ម៉េងលី ជានាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡផ្ទាល់ ក៏លោកមិនឆ្លើយតប ឬឡើងមកជួបលោកដែរ ព្រោះរថយន្តនេះ ឈប់ចតនៅលើដែនដីគាត់ ហើយនៅពីក្រោយនិងក្បែរជិតស្នាក់ការរបស់លោកតែម្តង ក៏លោកមិនមកជួប ឬបញ្ជាក់ឲ្យបានច្បាស់នោះឡើយ ។
លោកបន្តទៀតថា ឈើម៉ៃសាក់នេះ ជារបស់លោកឧកញ៉ា កែវ វុទ្ធី ដោយគ្មានឃើញច្បាប់មកបង្ហាញលោក ហើយរង់ចាំអស់រយៈពេលជាច្រើនម៉ោង តាំងពីម៉ោង៩និង១៩នាទី រហូតមកដល់ម៉ោង១ជាង ដូច្នេះទើបលោកសម្រេចចិត្ត ជូនដំណឹងទៅស្នងការដ្ឋាននគបាលខេត្តដើម្បីយកកម្លាំងមកនាំរថយន្តទាំង៣គ្រឿងនោះ មកស្នងការដើម្បីត្រួតពិនិត្យទៅតាមច្បាប់ និងក្រែងបង្កប់ឈើ ខុសពីម៉ៃសាក់ និងត្រួតពិនិត្យ ទី១.ឯកសារពាក់ព័ន្ធច្បាប់នាំចេញ, ទី២.តើមានឈើបង្កប់ផ្សេងដែរឬទេ ហើយបើមានឯកសារគ្រប់គ្រាន់ និងគ្មានបង្កប់ឈើប្រណីតទេនោះ លោកនឹងដោះលែងឲ្យទៅវិញចុះ ។
គួររំលឹកថា កាលពីឆ្នាំមុន រដ្ឋបាលព្រៃឈើស្រុក ថាឡាបរីវ៉ាត់ សហការគ្នានឹងមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ចុះឃាត់ចាប់រថយន្តដឹកម៉ៃសាក់របស់លោកចៅអធិការវត្ត ឃុំចំការលើ ពីរគ្រឿងម្តងហើយ ដែលដើមម៉ៃសាក់នោះ ដុះនៅក្នុងវត្តតែម្តង តែកាលនោះ លោកចៅអធិការលក់ឲ្យឈ្មួញ យកបច្ច័យដើម្បីជីកស្រះ សម្រាប់ផ្តត់ផ្គង់ក្នុងវត្ត ពេលរដូវប្រាំង ខ្វះទឹក តែពេលនេះ ជាឈើម៉ៃសាក់ដែរ តែខុសត្រង់ជា របស់ឧកញ៉ា កែវ វុទ្ធី ជាអតីតប្រធានក្រុមហ៊ុន (ដំឡូងមីចុងកាត់) នៅចំណុចកើតហេតុខាងលើ ហើយត្រូវព្រះរាជអាជ្ញាចុះមក បង្ក្រាបផ្ទាល់ផងនោះ តើអាចជាប់ទេ ចំពោះលោកមេព្រៃស្ងាត់ទាំងអស់ ដូចជា លោកមាស សុផុន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏ស្ងាត់, លោកលី គន នាយផ្នែករដ្ឋបាលព្រៃឈើ ក្រុងស្ទឹងត្រែង ក៏ស្ងាត់, លោកសួន ម៉េងលី នាយសង្កាត់ដុងក្រឡ ដែលរថយន្តនោះឈប់ចតនៅជិតនឹងស្នាក់ការលោក ក៏មិនមកក្បែរដែរ ។
និយាយឲ្យចំ ជំនាញរដ្ឋបាលព្រៃឈើគ្មានអ្នកណាម្នាក់មកនោះទេ សូម្បីតែព្រះរាជអាជ្ញាខលហៅ ក៏ដោយ នេះតាមការលើកឡើងរបស់ លោក គឹម ហ៊ុងសាន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យឲ្យសាលាដំបូងខេត្ត ។
ប្រហែលជាគាត់ជាប់រវល់ធ្វើច្បាប់ឲ្យលោកឧកញ៉ា កែវ វុទ្ធី ហើយ ទើបគាត់មិនរវល់ជាមួយព្រះរាជអាជ្ញាសោះម៉ង ៕ មាស សុផាត