ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញារងបញ្ជាកម្លាំងលោកមេព្រៃ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើប្រណីតមួយ បានច្រើនដុំ ច្រើនរ៉ឺម៉ក រួមទាំងម៉ាស៊ីនកែច្នៃឈើមួយចំនួន

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ឈ្មួញរកស៊ីឈើប្រណីតខុសច្បាប់ លបលួចដឹកជញ្ជូនឈើពីស្រុកសៀមប៉ាង យកមកកែច្នៃនៅខាងក្រោយផ្ទះ ហាងលក់គ្រឿងក្លែម (ឈ្មោះម្លប់ចេក) លួចកែច្នៃឈើរួចដឹកជញ្ជូន បន្តទៅលក់នៅវៀតណាម ក្រោយមក ទើបត្រូវសមត្ថកិច្ចចុះបង្ក្រាបដល់ទីតាំងតែម្តង និងដកហូតឈើធ្នង់កែច្នៃរួចជាច្រើនដុំ រួមទាំងម៉ាស៊ីនគោយន្តមួយគ្រឿង និងម៉ាស៊ីនសម្រាប់កែច្នៃឈើមួយចំនួន នៅចំណុចគល់ស្ពានប៉ាចុង ភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។

ប្រភពពីអ្នករស់នៅជិតខាងបានលួចបង្ហើបប្រាប់ឲ្យដឹងថា ម្ចាស់ឈើនោះមានឈ្មោះ តែវ ជាជនជាតិវៀតណាម រកស៊ីយូរហើយដឹកឈើធ្នង់ ចេញពីស្រុកសៀមប៉ាង មកទម្លាក់ក្នុងរោងសិប្បកម្មកែច្នៃស្អាត រួចសាងដាក់រថយន្តផ្សេង ដឹកយកទៅលក់បន្តនៅប្រទេសវៀតណាម យ៉ាងរលូន ព្រោះគេអាងឪពុកក្មេកគេ ជានាយនគរបាលជាន់ខ្ពស់ម្នាក់ ដូច្នេះហើយ ទើបគេហានធ្វើនិងរកស៊ីបទល្មើសនេះ ដោយមិនខ្លាចសមត្ថកិច្ចជំនាញឡើយ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនេះក្នុងការដឹកនាំបញ្ជាផ្ទាល់ ពីលោកគឹម ហ៊ុងសាន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ត ហើយក្រោមការបញ្ជាផ្ទាល់ពីលោកច្រឹង ខ្មៅ ព្រះរាជ្ញាអមសាលាដំបូងខេត្តផងដែរ ចុះបង្ក្រាបដល់ទីតាំងរោងកែច្នៃឈើខាងលើនេះ ហើយឈើដែលបង្ក្រាបបាននោះ ត្រូវដឹកយកមកទាំងយប់ បានចំនួន១០រ៉ឺម៉ក ប្រភេទឈើធ្នង់ រួមនឹងសម្ភារសម្រាប់កែច្នៃឈើ ដូចជាម៉ាស៊ីនគោយន្ត១គ្រឿង តាបឈូសឈើពីរគ្រឿង ម៉ាស៊ីនវៀលឈើ១គ្រឿង ម៉ាស៊ីនឈូសឈើ១គ្រឿង ម៉ាស៊ីនកាត់ឈើ១គ្រឿង ម៉ាស៊ីនត្រង់សីន័រ១គ្រឿង វត្ថុតាងទាំងអស់ និងឈើធ្នង់នោះ យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តទាំងយប់ តែចំនួនឈើហ្នឹងមានប៉ុន្មានម៉ែត្រគូបនោះ នៅមិនទាន់បានវាស់វែងនៅឡើយទេ ៕ មាស សុផាត


ចែករំលែក៖