ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្ដចុះពិនិត្យ ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ និង បង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖  លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ  បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវបន្ដចុះល្បាត ត្រួត ពិនិត្យទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ បញ្ហាគ្រឿង ញៀននិង បង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ។លោកឃួង ស្រេង  បានជំរុញបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ ចំណុះរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ  កាលពីរសៀលថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិ​ស័ក​ព.ស២៥៦២ត្រូវនិងថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖  មន្ត្រីរបស់យើងជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះ​ត្រូវមើលពួកគាត់ឲ្យបានគ្រប់ជ្រុងជ្រោយ ។ ជាក់ស្តែងដូចជាផ្ទះសំបែងជាដើម នៅខណ្ឌដូនពេញនេះមានសំណង់ចាស់ ៗ ច្រើន ដូច្នេះ ក្នុងនាមយើងជាអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ពួកគាត់ ដោយត្រូវរកមន្ត្រីជំនាញមកវាយតំលៃថាតើពួកគាត់អាចរស់នៅបន្តទៀតបានឬទេ។

លោក ឃួង ស្រេង បានបន្តថា  គោលបំណងដែលលោក មកជួបបងប្អូនមន្ត្រីរបស់ខណ្ឌដូនពេញនៅពេលនេះ គឺដើម្បីសួរសុខួទុក្ខមន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាង​ណាបម្រើប្រជា ពលរដ្ឋឲ្យរឹងរិតតែល្អប្រសើរឡើងថែមទៀត។

លោកឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌដូនពេញ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។

លោកបញ្ជាក់ថា  នៅលើពិភពលោកមិនមានប្រទេសណាធ្លាក់ដល់ចំណុចសូន្យដូច ប្រទេសកម្ពុជាយើងនោះទេ។តែដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើងបានធ្វើឲ្យប្រទសដ៏សែនអាក្រក់មួយនេះ បានងើបខ្លួនជាបណ្តើរៗ រហូតមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ ។យុវជនត្រូវសិក្សារៀនសូត្រពីមនុស្សចាស់ រកចំណុចល្អៗពីមនុស្សចាស់ ដើម្បីយកមកអនុវត្តការងារឲ្យបាន

ល្អប្រសើរ ។ តាមគំនិតរបស់លោកគឺបណ្តុះបណ្តាលយុវជន និងមើលថែមនុស្សចាស់ ។យុវជន និងមនុស្សចាស់ ត្រូវតែដើរទន្ទឹមគ្នា មានន័យថា បើអត់មនុស្សចាស់ ក្មេងក៏គ្មានឱកាសដែរ។មនុស្សចាស់ជាអ្នកតម្រង់ទិសឲ្យក្មេង ទើបក្មេងអាចដើរខ្លួនឯង។

ទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌដូនពេញក៏មានបញ្ហាប្រឈម  ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរណ៍បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យរដ្ឋបាលខណ្ឌដូនពេញដោះស្រាយ នូវការរៀបចំសណ្តាប់ សំណ់ងគ្មានច្បាប់  ការសង់រោងបិទផ្លូវសាធារណៈ ពិនិត្យអាវុធជាតិផ្ទុះ គ្រឿងស្រវឹងឲ្យបានល្អបន្ថែម និងមិនឲ្យមានរ៉ឺម៉កដឹកធ្យូងចូលក្រុង ។ ត្រូវពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងជនបរទេស និងសមាគមន៍មួយចំនួនដែលមាននិន្នាការប្រឆាំង ។

លោកបញ្ជាក់ថា នៅភ្នំពេញមានកន្លែងសប្បាយភាព ២៦៤២ ទីតាំង ក្នុងនោះសម្រាប់ខណ្ឌដូនពេញមានចំនួន ៥៨៥ទីតាំង ហើយក្នុងចំនួននេះ រដ្ឋបាលខណ្ឌដូនពេញទើបតែចុះពិនិត្យនិងធ្វើកិច្ចសន្យាបានតែជាង១០០ទីតាំងប៉ុណ្ណោះ។ ត្រូវណែនាំឲ្យម្ចាស់ក្លិបកម្សាន្តទាំងអស់បំពេញបែបបទច្បាប់ឲ្យបានត្រឹមត្រូវ ពិសេស ការដាក់ស្លាកយីហោត្រូវតែដាក់អក្សខ្មែរឲ្យបានធំៗនិងនៅពីលើអក្សរបរទេស ដោយទុករយៈពេលឲ្យចំនួន២សប្តាហ៍ បើមិនដូច្នេះទេ យើងចាត់វិធានការភ្លាម ។

លោក ក៏បានជំរុញឲ្យមានការបង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ រួមទាំងបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនអ្នកចូលហូបចុក និងប្រជាពលរដ្ឋទូទៅ ព្រោះសន្តិសុខនេះជាតម្រូវការចាំបាច់និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ ៕ ដោយ៖ សំរិត

 


ចែករំលែក៖