ភ្នំពេញ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ) ដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយឯកសារសំខាន់ៗចំនួនពីរក្នុងថ្ងៃនេះ ដើម្បីជាមគ្គុទ្ទេសក៍ណែនាំដល់ការបន្តកិច្ចខិតខំនៅថ្នាក់ជាតិ ក្នុងការកែទម្រង់ប្រព័ន្ធថែទាំកុមារ ក្នុងគោលដៅកាត់បន្ថយចំនួនមណ្ឌលថែទាំកុមារ និងបង្កើនសេវាថែទាំកុមារនៅតាមគ្រួសារសម្រាប់កុមារដែលងាយរងគ្រោះ ។
ឯកសារទីមួយ គឺជាផែនការអភិវឌ្ឍសមត្ថភាពសម្រាប់កិច្ចគាំទ្រគ្រួសារ ការថែទាំដោយឪពុកម្ដាយធម៌ និងស្មុំកូនក្នុងប្រទេស ដែលត្រូវបានធ្វើឡើងរួមគ្នាដោយការិយាល័យអចិន្ត្រៃយ៍នៃសន្និសីទក្រុងឡាអេស្ដីពីច្បាប់ឯកជនអន្តរជាតិ(HCCH) និងសេវាសង្គមអន្តរជាតិ (ISS)។ ផែនការនេះ ដាក់ចេញនូវចំណាត់ការសំខាន់ៗ ដែលក្រសួង ស.អ.យ ស្ថាប័នរដ្ឋាភិបាលដទៃទៀត និងដៃគូនានា ត្រូវការចាំបាច់ ដើម្បីកែលម្អសេវាថែទាំសម្រាប់កុមារដែលគ្មានការថែទាំពីឪពុកម្ដាយ សំដៅធានាថាកុមារនៅតែអាចរស់នៅក្នុងបរិយាកាសគ្រួសារដែលលើកកម្ពស់ដល់ការអភិវឌ្ឍពេញលេញរបស់ពួកគេ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា “ក្រសួង ស.អ.យ បានចាប់ផ្ដើមអនុវត្តអនុសាសន៍មួយចំនួននៅក្នុងផែនការនេះរួចហើយ ។ ជាការងារអាទិភាព ក្រសួងនឹងបង្កើតឱ្យមានប្រព័ន្ធទិន្នន័យគ្រប់ជ្រុងជ្រោយអំពីកុមារគ្រប់រូបដែលកំពុងស្ថិតក្រោមការថែទាំជំនួស ដើម្បីធានាថាកុមារគ្រប់រូបទទួលបានប្រយោជន៍ពីជម្រើសការថែទាំល្អបំផុត។
យើងក៏កំពុងអភិវឌ្ឍនីតិវិធី និងឧបករណ៍បណ្ដុះបណ្ដាលសម្រាប់អ្នកប្រកបវិជ្ជាជីវៈស្ដីពីការថែទាំដោយគ្រួសារសាច់ញាតិ ការថែទាំដោយឪពុកម្ដាយធម៌ និងស្មុំកូនក្នុងប្រទេសផងដែរ។ យើងចាំបាច់ត្រូវរៀបចំឱ្យមានកិច្ចការ ពារប្រកបដោយសុវត្ថិភាព និងបទដ្ឋានកាន់តែរឹងមាំជាងមុន។ យើងត្រូវធ្វើការប៉ាន់ប្រមាណ រៀបចំត្រៀមលក្ខណៈ និងតាមដានដោយប្រុងប្រយ័ត្ន ទៅលើអ្នកថែទាំជាឪពុកម្ដាយធម៌ និងឪពុកម្ដាយចិញ្ចឹមគ្រប់រូប ដើម្បីធានាថាពួកគេផ្ដល់ការថែទាំបានល្អដល់កុមារ។”
នៅក្នុងប្រទេសកម្ពុជា គួរឱ្យភ្ញាក់ផ្អើលមានកុមារជាច្រើនអ្នកកំពុងរស់នៅក្នុងមណ្ឌលថែទាំ បើទោះបីជាពួកគេភាគច្រើន យ៉ាងហោចណាស់នៅមានឪពុក ឬម្ដាយម្នាក់នៅរស់នៅទ្បើយ។ ជាលទ្ធផល ការថែទាំកុមារតាមមណ្ឌលបានក្លាយជាសេវាចម្បងសម្រាប់កុមារងាយរងគ្រោះ ។ បើទោះបីជាគោលការណ៍ណែនាំរបស់អនុសញ្ញាស្ដីពីសិទ្ធិកុមារចែងថាកុមារគ្រប់រូបមានសិទ្ធិចម្រើនវ័យនៅក្នុងគ្រួសាររបស់ខ្លួន លើកលែងតែស្ថានភាពគ្រួសាររបស់ពួកគាត់មិនអនុញ្ញាតឱ្យពួកគេអាចរស់នៅជាមួយគ្រួសារបាន ។
លោកស្រី ដេបូរ៉ា កូមីនី នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសថា “កុមារមិនគួរត្រូវបានបំបែកពីឪពុកម្ដាយ ដោយសារតែភាពក្រីក្រនោះទេ។ គ្រួសារគួរទទួលបានកិច្ចគាំទ្រដែលពួកគេត្រូវការ ដើម្បីឱ្យពួកគេអាចផ្តល់ការថែទាំសមស្របដល់កូនរបស់ពួកគាត់បាន”។ លោកស្រី បានបន្ថែមទៀតថា “បើទោះបីជានៅពេលគ្រួសារពុំមានលទ្ធភាពអាចផ្ដល់ការថែទាំគ្រប់គ្រាន់ដល់កុមារក៏ដោយ ក៏ពួកគេគួរទទួលបានកិច្ចគាំទ្រថែទាំជំនួស សមស្របនៅសហគមន៏ដែលឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ពួកគេ និងនៅតែអាចបង្កលក្ខណៈឱ្យពួកគេអាចលូតលាស់នៅក្នុងផ្ទះមួយប្រកបដោយក្ដីស្រឡាញ់ និងទទួលបានសិទ្ធិទាំងអស់របស់ខ្លួន” ។
ការថែទាំតាមគ្រួសារ ដូចជាការថែទាំដោយគ្រួសារសាច់ញាតិ ការថែទាំដោយឪពុកម្ដាយធម៌ និងស្មុំកូនក្នុងប្រទេស គឺជាជម្រើសថែទាំជំនួសនៅតាមសហគមន៍ជំនួសការថែទាំនៅតាមមណ្ឌល ដែលក្រសួង ស.អ.យ និងយូនីសេហ្វ ព្រមទាំងដៃគូដទៃទៀតកំពុងលើកកម្ពស់។ បើទោះជាដូច្នេះក្ដី ការថែទាំក្នុងទម្រង់ទាំងអស់នេះ ទាមទារឱ្យមានបទដ្ឋាន និងការត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ដើម្បីធានាដល់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារ។
ផែនការអភិវឌ្ឍសមត្ថភាពនេះ ក៏បានរកឃើញបញ្ហាប្រឈមចម្បងៗចំនួនពីរដែលនៅសេសសល់ ហើយត្រូវដោះស្រាយមុនពេលចាប់ផ្ដើមដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ។ ទីមួយ ស្មុំកូនអន្តរប្រទេស គប្បីត្រូវបានដាក់បញ្ចូលឱ្យបានសមស្របទៅក្នុងប្រព័ន្ធការពារកុមារក្នុងប្រទេស ដោយផ្តល់អាទិភាពលើដំណោះស្រាយថែទាំតាមគ្រួសារក្នុងប្រទេស។ ទីពីរ ចាំបាច់ត្រូវអនុវត្តឱ្យបានគ្រប់គ្រាន់នូវក្របខ័ណ្ឌច្បាប់ជាធរមាន តាមរយៈការធានាឱ្យបានថា អាជ្ញាធរទាំងអស់ដែលចូលរួមនៅក្នុងនីតិវិធីស្មុំកូន មានអំណាច ធនធាន ចំណេះដឹង និងបទពិសោធចាំបាច់ ពាក់ព័ន្ធនឹងកិច្ចការពារកុមារ និងស្មុំកូននៅក្នុងប្រទេស។
នៅក្នុងពិធីផ្សព្វផ្សាយថ្ងៃនេះ ក្រសួង ស.អ.យ ក៏បានផ្សព្វផ្សាយនូវការសិក្សាស្ដីពីការអនុវត្តថែទាំជំនួសចំពោះកុមារនៅសហគមន៍ក្នុងប្រទេសកម្ពុជា រាប់បញ្ចូលការថែទាំនៅតាមវត្តអារាមផងដែរ។ ការសិក្សានេះ គឺជាការសិក្សាលើក ទីមួយក្នុងវិស័យនេះ ដែលបង្ហាញឱ្យឃើញអំពីទម្រង់នៃការថែទាំជំនួសផ្សេងៗ ដែលបាននឹងកំពុងអនុវត្តន៍នៅក្នុងសហគមន៍។
ការសិក្សាបានរកឃើញថា កន្លែងថែទាំដោយគ្រួសារសាច់ញាតិ និងដោយឪពុកម្ដាយធម៌ទាំងអស់ ពុំសុទ្ធតែបានចុះបញ្ជីជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានោះទេ ម្យ៉ាងវិញទៀត គ្រួសារសាច់ញាតិ និងឪពុកម្ដាយធម៌ដែលផ្តល់ការថែទាំកុមារ គប្បីត្រូវបានប៉ាន់ប្រមាណ រៀបចំត្រៀមលក្ខណៈ និងទទួលបានកិច្ចគាំទ្រឱ្យបានប្រសើរជាងនេះ។
បន្ថែមពីនេះទៀត នៅពុំទាន់មានបទដ្ឋានអប្បបរមាសម្រាប់ការថែទាំកុមារនៅតាមអន្តេវាសិកដ្ឋានដែលផ្ដល់កន្លែងស្នាក់នៅដល់សិស្សគួរផ្ដល់ព័ត៌មានដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អំពីចំនួនកុមារដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននោះ។ លើសពីនេះ ការសិក្សាបានស្នើថា វត្តអារាម និងមណ្ឌលសាសនាដទៃទៀត ដែលផ្តល់ការថែទាំកុមារលើសពី១០នាក់ គប្បីជ្រើសរើសអ្នកថែទាំម្នាក់ដែលបានទទួលបានការបណ្ដុះបណ្ដាល ដើម្បីបម្រើការងារផ្តល់ការថែទាំពេញម៉ោង។
ការសិក្សានេះក៏បានផ្ដល់អនុសាសន៍ឱ្យបង្កើនចំនួនបុគ្គលិកសង្គមកិច្ច ដែលមានអាជីពវិជ្ជាជីវៈនៅក្នុងក្រសួង ស.អ.យ និងអង្គការដៃគូ ដើម្បីធ្វើការគ្រប់គ្រងករណី និងផ្តល់សេវាគាំទ្រដល់កុមារ និងគ្រួសារងាយរងគ្រោះនៅក្នុងសហគមន៍ ឱ្យបានសមស្រប។
លោក វង សូត មានប្រសាសន៍ថា “ក្រសួង ស.អ.យ ពិចារណាទៅលើអនុសាសន៍ស្តីពីការបង្កើនចំនួនបុគ្គលិកសង្គមកិច្ចដែលបានទទួលការបណ្ដុះបណ្ដាល ជាអាទិភាព មិនមែនសម្រាប់តែកិច្ចការពារកុមារប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវកិច្ចខិតខំផ្នែកគាំពារសង្គម រាប់បញ្ចូលទាំងកម្មវិធីជាតិសង្ឃហធម៌សង្គមផងដែរ”។ ឯកឧត្តមបានបន្ថែមថា “ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ ក្រសួង ស.អ.យ កំពុងអនុវត្តករណីគំរូមួយសម្រាប់ការងារសង្គមកិច្ច ដែលយើងនឹងប្រើប្រាស់ករណីនេះដើម្បីស្វែងរកមតិគាំទ្រដើម្បីបង្កើនការវិនិយោគលើធនធានហិរញ្ញវត្ថុ និងធនធានមនុស្សនៅកម្រិតថ្នាក់ជាតិ លើការងារសង្គមកិច្ច” ៕
បញ្ជាក់ ៖
ឯកសារទាំងពីរអាចស្វែងរកបាននៅក្នុងវេបសាយយូនីសេហ្វ៖ https://www.unicef.org/cambodia (ឯកសារទាំងពីរនេះក៏នឹងមានផ្សព្វផ្សាយនៅក្នុងវេបសាយរបស់ក្រសួង ស.អ.យ នាពេលឆាប់ៗនេះផងដែរ)
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- លោក ភី ណូ ប្រធាននាយកដ្ឋានសុខុមាលភាពកុមារ នៃក្រសួង ស.អ.យ
អ៊ីម៉េល៖ phino.cwd@gmail.com; ទូរស័ព្ទលេខ៖ (+៨៥៥) ០៩២ ៤៦២ ២៦៣ - អ្នកស្រី អ៊ីម៉ាន ម៉ូរូខា ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំប្រទេសកម្ពុជា
អ៊ីម៉េល៖ imorooka@unicef.org; ទូរស័ព្ទលេខ៖ (+៨៥៥) ០៩២ ៥៥៥ ២៩៤ - លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំប្រទេសកម្ពុជា
អ៊ីម៉េល៖ bmeas@unicef.org, ទូរស័ព្ទលេខ៖ (+៨៥៥) ០១២ ៧៣៣ ៩០៩