ខេត្តប៉ៃលិន៖ នៅ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ដាច់ស្បៀង ចំនួន ២២០គ្រួសារ នៅក្នុងខេត្តប៉ៃលិន ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជានិច្ចជាកាល សម្តេចតេជោ បានខិតខំយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងដោះស្រាយ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចគ្រប់គ្រាន់តាមតម្រូវការជីវភាពបានយូរអង្វែង គឺដោះស្រាយបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ សំខាន់គឺបងប្អូនត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវខិតខំដាំដុះដំណាំរួមផ្សំ និងប្រកបរបរផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារផងដែរ ។
បើតាមរបាយការណ៍របស់ លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលមកទទួលអំណោយស្បៀងនាពេលនេះ គឺមានចំនួន ២២០គ្រួសារ មកពីឃុំ/សង្កាត់ទាំង ០៨ ក្នុងខេត្តប៉ៃលិន ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូក្រាម ៕ ស សារ៉េត