ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន និងមន្ដ្រីរាជការក្រោមឱវាទចូលរួម​ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ វត្ត​សារ៉ាវន័តេជោ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួម​ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ជាមួយពុទ្ធបរិស័ទនៅវត្ត​សារ៉ាវន័តេជោ ស្ថិតក្នុង​សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធសាសនាឲ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត ។ពិធីនេះ បានប្រព្រឹត្ដទៅនារសៀល ថ្ងៃព្រហស្បតិ៍ ៣រោច​ ខែ​ភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ។

ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ អស់លោក និងលោកស្រី តែង​តែអញ្ជើញចូលរួមធ្វើបុណ្យធ្វើទាន ជាមួយពុទ្ធបរិស័ទព្រមទាំងបាន​នាំយកនូវគ្រឿង​សក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គនិងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន​ព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន​ជីតា ញាតិការ ទាំង៧សន្ដានដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឲ្យ​មក​ទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់​បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ ។ មួយ​ចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហា​ជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋាន​សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះលោកស្រី ក៏ពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ដែល​ជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណា ចក្រកម្ពុជា។ លោកស្រីក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ​ចំណុះជើងវត្តទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តី​សុខ សេចក្តីចម្រើន និង សុភមង្គលគ្រប់ក្រុមគ្រួសារ។

នៅក្នុងឱកាសអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី៣ នេះ លោកស្រី និងមន្ដ្រីរាជការក្រោមឱវាទ ក៏បាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខមក ប្រគេន​ព្រះសង្ឃរួមមាន សាដក,ទឹកក្រូច, ទឹកបរិសុទ្ធ, ទឹក ដោះគោខាប់,ស្ករសរ ,កាកាវ ,មៀនកំប៉ុង ,តែ ,ត្រីខ ,មី អង្ករ ,និងបច្ច័យសម្រាប់កសាងវត្ត ព្រម​ទាំង​ចែកជូន តាជី យាជីនូវបច្ច័យជាថវិកា ដល់សីលវន្ត សីលវត្តី និងពុទ្ធបរិស័ទ ​ដែល​អញ្ជើញមកចូលរួមក្នុង ពិធីបុណ្យកាន់បិណ្ឌវេនទី៤ នេះ ក្នុងឱកាសនោះ លោកស្រីក៏នាំយកនូវ បច្ច័យ សម្រាប់ព្រះសង្ឃ ៣០០ អង្គរក្នុង ១អង្គរ ៥ម៉ឺនរៀល និងសាដក១ ,តាជី យាជី ១០០នាក់ ក្នុងម្នាក់ៗ ៥ម៉ឹនរៀល ,និងនិស្សិតស្នាក់នៅរៀនសូត្រ ២២០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល ក្នុងនេះក៏មានបច្ច័យជួយឧបត្ថម្ភពី ក្រុមហ៊ុន mun ចាប់កុសលជាមួយលោកស្រី ។ ដោយឡែកសម្រាប់បច្ច័យកសាងវត្ដសារ៉ាវ័នតេជោ ថវិកា ១២លានរៀល និង២ពាន់ដុល្លារ ៕ សំរិត


ចែករំលែក៖