ភ្នំពេញ ៖ សំណង់អត់ច្បាប់កំពុងបន្តសាងសង់រំលោភបំពាននៅលើប្រឡាយអូរអាគុជ នៅចំណុចផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យ៉ាងរំភើយ តើលោក ម៉ូវ ម៉ានិត បានដឹងឬទេ? ។
សូមរំលឹកថា សំណង់រំលោភបំពានប្រឡាយអូរអាគុជ នេះ កាលថ្ងៃទី ៥ខែមករា ឆ្នាំ ២០១៨ លោក អៀង អូននី អភិបាលរង រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះមានទាំងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះណែនាំ និងដាក់ឱសានវាទដល់ម្ចាស់ សំណង់ ដែលសង់រំលោភលើចំណីប្រឡាយអូរអាគុជ រយះពេល ២សប្តាហ៍ គឺគិតចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដើម្បីឲ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង បើដល់ថ្ងៃកំណត់មិនរុះរើនោះទេ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ ។ ប៉ុន្តែផ្ទុយទៅវិញវិធានការនេះហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ ហើយរហូតមកដល់បច្ចុប្បន្ននេះ ម្ចាស់សំណង់នោះ មិនត្រឹមតែមិនរុះរើនោះទេ ថែមទាំងកំពុងសាងសង់ ១ជាន់ខាងលើបន្តទៀតធ្វើប្រងើយ ។
ដោយចង់ដឹងព័ត៌មាននេះ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ សារព័ត៌មាន បានជួបសាកសួរជាមួយនឹង លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង ដើម្បីចង់ដឹងព័ត៌មាននេះ ប៉ុន្តែលោកចៅសង្កាត់បានប្រាប់ថា រឿងនេះលោកបានរាយការណ៍ជួនទៅសាលាខណ្ឌរួចហើយៗលោកឲ្យសួរបន្តទៅខាងសាលាខណ្ឌ ។
ដោយឡែកលោក អ៊ុក សុភា ប្រធានការិយាល័យអន្តរវិស័យ ខណ្ឌសែនសុខ សារព័ត៌មាន មិនអាចទំនាក់ទំនងបានទេថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយទូរស័ព្ទទាំង២ខ្សែរបស់លោក ត្រូវបានបិទ (ខលមិនចូល)។
សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌសែនសុខធ្លាប់ប្រាប់ឲ្យដឹងថា សំណង់ ដែលសង់រំលោភយកដីចិញ្ចើមផ្លូវសាធារណៈ និងសង់រំលោភចំណីប្រឡាយអូរអាគុជ នៅចំណុចតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នេះ មានទំហំប្រមាណ ៨ម៉ែត្រ គុណ ៣២ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ម៉េង ឌី ភេទប្រុស ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជុំវិញបញ្ហាខាងលើនេះ សារព័ត៌មាន បានទំនាក់ទំនងទៅលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខតាមរយះប្រព័ន្ធ WhatsApp កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះដែរ ដោយផ្ញើជាសម្លេងលោកបានឃើញរួចហើយ តែមិនការឆ្លើយតប ៕ តុង សីហា