ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ បើកម៉ូតូតែម្នាក់ឯងតាមថ្នល់ជាតិវេលាទៀបភ្លឺ ស្រាប់តែមានរថយន្ត១គ្រឿងប្រភេទសណ្តោងរ៉ឺម៉ក ជ្រុលចង្កូតបុកចំពីមុខ បណ្តាលឲ្យរបួសធ្ងន់ ។ ចំណែកអ្នកបើកបង្ក រត់គេចខ្លួនបាត់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ក្នុងភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ៣B-២១៧៩ សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ៤A-១៦៩៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ី អួង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន បើកម៉ូតូម៉ាកសេដេ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរលើផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចដោយល្បឿនលឿន ។ លុះដល់កន្លែងកើតហេតុ បានរេចង្កូតបុកម៉ូតូ១គ្រឿងខាងលើផ្លោងចេញពីថ្នល់ បណ្តាលឲ្យជនរងគ្រោះ របួសធ្ងន់ ។ ក្រោយបង្កហេតុ អ្នកបើករថយន្តបង្ក បានទុករថយន្តចោល រត់គេចខ្លួនដោយសុវត្ថិភាព ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ ចំណែកយានយន្តទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីស្រាវជ្រាវរកជនបង្ក ឲ្យចូលខ្លួនដោះស្រាយថ្លៃព្យាបាលជាមួយជនរងគ្រោះ នៅពេលក្រោយ ៕ សេនាស័ក្តិ